លោកឧញ៉ាបណ្ឌិត ទ្រី ភាព៖ ថ្ងៃ៧មករា១៩៧៩ ជាថ្ងៃប្រវត្តិសាស្រ្តដែលប្រជាជាតិកម្ពុជាមិនអាចកាត់ថ្លៃបាន
លោកឧញ៉ាបណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី២ ថ្នាក់ជាតិចុះជួយស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានថ្លែងថា ថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃ៧ មករា ១៩៧៩ទេនោះទេ ប្រជាជាតិខ្មែរទាំងមូលនឹងត្រូវវិនាស អន្តរាយបាត់ទៅហើយដោយសារស្នាដៃរបស់ពួក ប៉ុល ពត ដែលជាបនប្រល័យពូជសាសន៍ដ៏យង់ឃ្នងហើយ ថ្ងៃ៧មករា១៩៧៩ គឺជាថ្ងៃ ប្រវត្តិសាស្រ្ត ដែលមិនអាចកាត់ថ្លៃបាន ព្រោះគុណបំណាច់ថ្ងៃ៧មករា បានរំដោះប្រទេសជាតិ ព្រលឹងជាតិ និងអាយុជីវិតប្រជាជាតិខ្មែរទាំងមូលប្រែក្លាយមកជាការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ។

លោកឧញ៉ាបណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី២ ថ្នាក់ជាតិចុះជួយស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានថ្លែង លើកឡើងដូច្នោះប្រាប់អ្នកព័ត៌មាន ក្រោយបញ្ចប់មេទិញអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤១ ទិវាជ័យជម្នះ ៧មករា១៩៧៩.២០២០ នៅទីស្នាក់គណៈបក្សប្រជាជនកម្ពុជា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី៨ មករានេះ ។

លោកឧញ៉ាបណ្ឌិត បានរំលេចថា ៤១ឆ្នាំមកកន្លងនេះ កម្ពុជា បានពុះពារគ្រប់ឧបសគ្គ និងការលំបាកច្រើនឥតគណនា ឆ្លងកាត់ ដំណាក់កាលប្រវត្តិសាស្ត្រ ដើម្បីរស់ឡើងវិញ។ លោកបណ្ឌិតឧកញ៉ា ទ្រី ភាព បានចាត់ទុកថ្ងៃ៧មករា ១៩៧៩ថ្ងៃជាគុណបំណាចធំធេងដែលជួយធ្វើ ឲ្យកម្ពុជារីកចំរើន ទទួលបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញធ្វើ ឲ្យប្រជាពល រដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការរស់នៅ ដើរហើរ និងប្រកកបរបរកស៊ី។

លោកបណ្ឌិតឧកញ៉ា ពន្យល់ថា ថ្ងៃរំដោះ៧មករា ១៩៧៩គឺប្រជាជនខ្មែរគ្រប់រូប បានចាត់ទុក ជា ទេវតាទី១ ដែលបានរំដោះអាយុជីវិតចេញពីការកាប់សម្លាប់ និងការជិះជាន់លើកម្លាំងពលកម្ម ពីរបប បនប្រល័យពូជសាស្រ្ត ប៉ុល ពតហើយ ទេវតាទី២ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រោះថា បើគ្មានការដឹកនាំដោយកត្តិបណ្ឌិតរបស់សម្តេចនោះទេ ការរីកចម្រើនអភិវឌ្ឍដូចសព្វថ្ងៃនេះក៏គ្មានដែរ ។

លោក បណ្ឌិតឧកញ៉ា ទ្រី ភាព បន្ថែមទៀតថា ក្នុងរយៈពេល៤១ឆ្នាំ ដោយគិតចាប់តាំងពីឆ្នាំ១៩៧៩មកដល់ឆ្នាំ២០២០នេះ ក្រោមការដឹកនាំដ៍ត្រឹមត្រូវរបស់ប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ក្រោមដំបូលសុខសន្តិភាពព្រះរាជាណាចក្រកម្ពុជា សម្រេចបានលទ្ធផលជោគជ័យធំធេងឥតគណនា ។

ដោយឡែក ប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងមេទិញ ដែលបានហែលឆ្លង នៅក្នុងរបប ប៉ុល ពត ដែលមានរយៈពេល៣ឆ្នាំ៨ខែ និង២០ថ្ងៃដែលបច្ចុប្បន្នជាគ្រូបង្រៀនលោកជាគ្រូបង្រៀនបានរៀបរាប់ថា នៅក្នុងរបបប៉ុលពតនោះ គ្មានការអបរំ សម្រាប់ផ្តល់ចំនេះដឹងនោះទេ ពោលគឺមានតែទារុណកម្ម រងនៅការប្រើឲ្យធ្វើការងារធ្ងន់ធ្ងរហើយ សាលារៀន វត្តអារ៉ាមត្រូវបានយកមកធ្វើជាឃ្លាំងសម្រាប់ដាក់សម្ភារៈប្រើប្រាស់ទៅវិញ ។ ដូច្នោះ៧មករា១៩៧៩នេះហើយ បានជួយប្រែក្លាយជីវិតលោកក្លាយជាគ្រូបង្រៀនមួយរូបចូលរួមបំរើសង្គមជាតិ។

គួរបញ្ជាក់ដែរ ឆ្នាំ២០១៩ កម្ពុជានៅតែរក្សាបានកំណើនសេដ្ឋកិច្ច ក្នុងរង្វង់ ៧ភាគរយ ចំណែកផលិតផលក្នុងស្រុកសរុប ជាមធ្យមសម្រាប់មនុស្សម្នាក់កើនពី១៥៤៨ ក្នុងឆ្នាំ២០១៨ ដល់ប្រមាណ១៦៧៩ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៩។ អត្រាភាពក្រីក្រ ត្រូវបានកាត់បន្ថយមកក្រោម១០ភាគរយ នាបច្ចុប្បន្ន ។ កម្ពុជារក្សាបានសន្តិសុខការងារ ដោយអត្រាគ្មានការងារធ្វើមានប្រមាណ ០,៣ភាគរយប៉ុណ្ណោះ ៕ធ.ដ

