កម្មវិធីប្រកួតភាពច្នៃប្រឌិត ស្តីពីការពន្លឿនអាជីវកម្មតាមបែបឌីជីថល និងពាណិជ្ជកម្មតាមបែបអេឡិចត្រូនិក
ភ្នំពេញ៖ កម្មវិធី ប្រកួតភាពច្នៃប្រឌិត ស្តីពីការពន្លឿនអាជីវកម្មតាមបែបឌីជីថល និងពាណិជ្ជកម្ម តាមបែបអេឡិចត្រូនិកនេះ ទទួលបានការគាំទ្រហិរញ្ញប្បទានរួមគ្នារ វាងអង្គភាពពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) ក្រសួងសេដ្ចកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ដោយសហការអនុវត្តន៍ជាមួយ អង្គការ UNDP Cambodia និងសហគ្រិនខែ្មរ។ កម្មវិធីនេះ គឺជាផ្នែកមួយនៃសមាសភាគទី២ របស់គម្រោង Go4eCAM ដែលបានបង្កើតឡើង ដើម្បីផ្តល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យម ចូលរួមប្រកួតប្រជែងអភិវឌ្ឍន៍គំនិត ឬដំណោះស្រាយ អាជីវកម្ម តាមបែបឌីជីថល ដើម្បីអាចចូលរួមក្នុងពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ទីផ្សារក្នុងស្រុក និងផ្តោតជាពិសេស ទៅលើទីផ្សារអន្តរជាតិ។
លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងដូច្នេះ នៅក្នុងប្រកាសសម្ពោធដាក់ឱ្យដំណើរការ « កម្មវិធីប្រកួតភាពច្នៃប្រឌិត ស្តីពីការពន្លឿនអាជីវកម្មតាមបែបឌីជីថល និងពាណិជ្ជកម្មតាមបែបអេឡិចត្រូនិក » តាមរយៈប្រព័ន្ធវីឌីអូ (Zoom) ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ១0៦ នាក់ ដែលជាតំណាងមកពីស្ថាប័នរដ្ឋ វិស័យឯកជន និងសហគ្រិននានា នៅសៀលថ្ងៃទី០១ ខែវិចិ្ឆកា ឆ្នាំ២០២១។
ក្នុងឱកាសនោះ ក៍បានថ្លែងអំណរគុណ ដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ UNDP Cambodia សហគ្រិនខែ្មរ និងសិក្ខាកាមទាំងអស់ ដែលបានអញ្ជើញចូលរួម និងមានសំណួរយ៉ាងសកម្ម។ ជាមួយគ្នានេះ លោកជំទាវរដ្ឋលេខាធិការ បានលើកបញ្ជាក់ពីសមិទ្ធផលសំខាន់ៗ របស់ក្រសួងពាណិជ្ជកម្ម ដែលសម្រេចបាន រួមមាន៖ច្បាប់
ស្ដីពីកិច្ចការការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ យុទ្ធសាស្រ្តពាណិជ្ជកម្ម តាមប្រព័ន្ធអេ-ឡិចត្រូនិក ក៏ដូចជាវឌ្ឍនភាព នៃគម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (Go4eCAM) និងផ្សារពាណិជ្ជកម្ម ខេមបូឌាត្រេដ (Cambodiatrade.com) ដែលបាននិងកំពុងដឹកនាំ និងអនុវត្តដោយក្រសួងពាណិជ្ជកម្ម។ ទន្ទឹមនឹងនេះ លោកជំទាវ តឹករ៉េត កំរង បានលើកសរសើរអំពី ការអនុវត្តយ៉ាងរលូននូវ «កម្មវិធីបណ្តុះបណ្តាល ស្តីពីអាជីវកម្មបែបឌីជីថល សម្រាប់សហគ្រាសធុនតូច និងមធ្យម» ដែលបានដាក់សម្ពោធនាពេលថ្មីៗ កន្លងមកនេះផងដែរ ៕






