អ្នកជំនាញ សសេរព័ត៍មានសេដ្ឋកិច្ចជប៉ុនចែករំលែកបទពិសោធន៍ពីការសសេរព័ត៌មានក្នុងទីលានកីឡា និងក្រៅទីលានកីឡា ដល់អ្នកព័ត៌មានកីឡាកម្ពុជា
សិក្ខាកាមដែលជាអ្នកសារព័ត៌មានប្រចាំស្ថាប័នវេបសាយ ផេកហ្វេសបុក និងស្ថានីយ៏ទូរទស្សន៍នានាដែលជាបណ្តាញផ្សព្វផ្សាយនៅក្នុងស្រុកប្រមាណជាជិត១០០នាក់ ដែលបានចូលរួមក្នុងវគ្គសិក្សាជំរុញការផ្សព្វផ្សាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នាព្រឹកថ្ងៃ ទី២ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ ទទួលបានការចែករំលែកបទពិសោធន៍នៃការសសេរព័ត៌មានកីឡាពីលោក តានីហ្គូឈិ ម៉ាកុតុ អ្នកជំនាញសារព័ត៌មានសេដ្ឋកិច្ចជប៉ុនក្នុងវិស័យកីឡា។

លោក តានីហ្គូឈិ ម៉ាកុតុ ជាអ្នកព័ត៌មានសសេរពីសេដ្ឋកិច្ចក្នុងវិស័យកីឡាម្នាក់មានបទពិសោធន៍គ្រាសក្រែលទទួលបន្ទុកក្នុងការយកព័ត៌មានពាក់ព័ន្ធនឹងវិស័យកីឡាទាល់ទាត់ បាល់ឪប បាល់បោះ ស៊ូម៉ូ អាជីវកម្មកីឡា។ ឆ្លងកាត់ការសសេរព័ត៌មានចំនួន១៣ឆ្នាំមកនេះ លោក មានបទពិសោធន៍ធ្លាប់ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិជាច្រើនទៅលើប្រភេទកីឡាដែល លោកទទួលបន្ទុក មានដូចជា យកព័ត៌មានWorld Cup ឆ្នាំ២០១៦នៅប្រទេសប្រេស៊ីល ការប្រកួតបាល់ឪបពិភពលោកនៅប្រទេសជប៉ុន ឆ្នាំ២០១៩ និងកីឡាអូឡាំពិក ប៉ារ៉ាឡាំពិកនៅតូក្យូក្នុងឆ្នាំ២០២១។
នៅក្នុងការចែករំលែកបទពិសោធន៍ន៍២០ឆ្នាំជាអ្នកសសេរព័ត៌មាន និងបទពិសោធន៍១៣ឆ្នាំជាអ្នកយកព័ត៌មានកីឡា លោក តានីហ្គូឈិ ម៉ាកុតុ បានចែករំលែកអំពីចំណុចសំខាន់ៗនៃការសសេរព័ត៌មានក្នុងទីលានកីឡា និងក្រៅទីលានកីឡា ដើម្បីទទួលបានការចាប់អារម្មណ៍ពីអ្នកអាន។

ការចែករំលែកក្នុងរយៈពេលជាង២ម៉ោងដល់សិក្ខាកាមសិក្សាដោយផ្ទាល់ និងតាមប្រព័ន្ធហ្សូម លោក តានីហ្គូឈិ ម៉ាកុតុ បានចែករំលែកបទពីសោធន៍យ៉ាងច្រើន ក្នុងនោះមានទាំងការសេរបែបរិះគន់បន្តិចបន្ទួច ដើម្បីទទួលបានផលប្រយោជន៍រួមជូនប្រទេសជាតិ ការសសេរព័ត៌មានជួយដល់សង្គម ការសេរបែបជួយរំលេចអំពីបុគ្គលម្នាក់ជោគជ័យលើប្រភេទកីឡាឲ្យគេស្គាល់ពីប្រភព សសេរព័ត៌មានបែបព័ត៌មានស៊ើបអង្កេតក្នុងវិស័យកីឡាជម្រុញដល់ការផ្សព្វផ្សាយកាន់តែទូលំទូលាយ។ ការចែករំលែកនេះ លោក តានីហ្គូឈិ ម៉ាកុតុ ជឿជាក់ថា សិក្ខកាមដែលអ្នកសារព័ត៌មានកីឡាទាំងអស់នឹងយកបទពិសោធន៍ចែករំលែកនេះទៅប្រើប្រាស់ជាប្រយោជន៍ក្នុងការសសេរប្រកបដោយវិជ្ជាជីវៈ ដើម្បីជួយផ្សព្វផ្សាយដល់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ធំលើកដំបូងនៅកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងពិធីបើកវគ្គសិក្សានេះ ទទួលបានការផ្តល់កិត្តិយសអញ្ជើញចូលរួមដោយផ្ទាល់ពីលោក ការិម៉ាតា អាត្សឹស៊ី ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ិសុង៉ាយ៉ា ហ៊ិរ៉ុយឹគិ ប្រធានការិយាល័យទំនាក់ទំនងភ្នំពេញនៃមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន និងឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន នៃគណៈកម្មាធិការជាតិ CAMSOC ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធនឹងវិស័យសារព័ត៌មានកីឡាជាច្រើនរូបទៀតផងដែរ៕
អត្ថបទ៖ ជាវ ចន្ធូ

