អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សាកលកម្ពុជាបានកត់សម្គាល់ថាសប្តាហ៍ទី៤ គុណភាពនៃការប្រកួតកាន់ខ្ពស់

លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សាកលកម្ពុជា បានថ្លែងឲ្យដឹងក្រោយបញ្ចប់ការប្រកួត Ultimate Boxing Championship កាលពីល្ងាចថ្ងៃ ទី៣១ ខែ តុលា ម្សិលមិញនេះថា សម្រាប់ការប្រកួតសប្តាហ៍ទី៤នេះ គុណភាពនៃការប្រកួតកាន់ខ្ពស់ ដោយសារតែកីឡាករពួកគេព្យាយាមហ្វឹកហាត់ និងមានការប្រកួតកាន់ច្រើន។ដូច្នោះហើយ ទើប
កីឡាករគ្រប់រូប ទាំងការវាយលុក ទាំងការការពារសុទ្ធតែធ្វើបានល្អដូចៗគ្នា។


លោកអគ្គលេខាធិការបន្តថា លោកកំពុងតែព្យាយាមទំនាក់ទំនងជាមួយទូរទស្សន៍នានាដើម្បីសុំឲ្យគេបញ្ចូលកីឡាប្រដាល់សាកលឲ្យមាននូវក្នុងកម្មវីធីប្រកួតប្រចាំសប្ដាហ៍របស់គេ។ លោកដាក់ក្ដីសង្ឃឹមថាខាងទូរទស្សន៍នានានឹងបើកបេះដូងទូលាយទទួលយកនូវសំណូមពររបស់លោក ដើម្បីផ្តល់ឱកាសជូនដល់កីឡាករ កីឡាការិនីប្រដាល់សកលកម្ពុជា នៅក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរតាមបណ្តាស្ថានីយទូរទស្សន៍នានា ប្រចាំសប្តាហ៍របស់ខ្លួន មានឱកាសបង្កើនគុណភាពបច្ចេកទេស ឆ្ពោះទៅប្រជែងមេដាយ ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម ក៏ដូចជាគោលដៅឆ្ពោះទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។


សម្រាប់លទ្ធផលការប្រកួត អ្នកប្រដាល់ វី សុភ័ស និងទូច ដេវីដ ដែលជាអ្នកប្រដាល់ជម្រើសជាតិដូចគ្នានោះបានបន្ថែមស្ថិតិឈ្នះនូវក្នុងកំណត់ត្រាប្រកួតរបស់ខ្លួនដូចគ្នា នៅក្នុងព្រឹត្តិការណ៍កីឡាប្រដាល់សកល Ultimate Boxing Championship ក្នុងគូប្រជែងប្រាក់លានក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាមដូចគ្នា។ដេវីដបានយកឈ្នះលើអ្នកប្រដាល់ ម៉ាង ព្រហ្មម៉ាញ ដែលហាត់ក្នុងក្រុមជម្រើសជាតិដូចគ្នានោះដោយពិន្ទុ ខណៈអ្នកប្រដាល់ វី សុភ័ស បានយកឈ្នះលើអ្នកប្រដាល់ សែត សារឹត មកពីសមាគមប្រដាល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។


ចំពោះគូប្រកួតក្នុងតំណែងគូពិសេសវិញនោះអ្នកប្រដាល់ ថា រីវ៉ា មកពីសមាគមប្រដាល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ អំ ខេម ដែលជាកីឡាករជម្រើសជាតិ ដែលការប្រកួតនេះប្រកួតក្នុងប្រភេទទម្ងន់៤៩គីឡូក្រាម។ ចំពោះការប្រកួតសម្រាប់គូធម្មតានោះអ្នកប្រដាល់ លីន សេងហុង ក្លិបបូរីរាជសីហ៍មានរិទ្ធប្រកួតឈ្នះអ្នកប្រដាល់ ឈុន ប្រាក់កាក់ ក្លិបតាឯកដំបងដែកមានរិទ្ធខេត្តព្រៃវែងដោយពិន្ទុ ក្នុងប្រភេទទម្ងន់៥២គីឡូក្រាម។ អ្នកប្រដាល់ លី ប៊ុនហ៊ួ មកពីក្លិបមីស្ទ័រលីខេត្តសៀមរាបបានប្រើកណ្ដាប់ដៃផ្ដួលអ្នកប្រដាល់ សយ ស៊ីថេង មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ឲ្យ ដួលសន្លប់ មុនស្នូរជួងបញ្ចប់ទឹកទី១ ក្នុងប្រភេទទម្ងន់៥២គីឡូក្រាម។ការប្រកួត ប្រភេទទម្ងន់៦០គីឡូក្រាមអ្នកប្រដាល់ លី វិបុលចំរើន ក្លិបមីស្ទ័រលីខេត្តសៀមរាបប្រកួតបានត្រឹមស្មើពិន្ទុជាមួយអ្នកប្រដាល់ ឆន ឈៀងរ៉ា ក្លិបកងកេងមានរិទ្ធខេត្តបាត់ដំបង ។ ចំពោះ ឌុន សំណាង មកពីក្លិបអប់រំកាយខេត្តកំពតប្រកួតចាញ់អ្នកប្រដាល់ ញ៉ឹក ឈឿង មកពីសមាគមប្រដាល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយពិន្ទុ ដោយអ្នកប្រដាល់ទាំង២ប្រកួតក្នុងប្រភេទទម្ងន់៦៤គីឡូក្រាម៕

អត្ថបទៈ ជាវ ចន្ធូ

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner