មន្ទីរអប់រំខេត្តបន្ទាយមានជ័យទទួលតារាងបាល់ទាត់ស្មៅសិប្បនិម្មិត ពីរកន្លែងផ្សេងគ្នាបន្ទាប់ពីសាងសង់រួច
បន្ទាយមានជ័យ ៖ មន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ បាននិងកំពុងអនុវត្តគម្រោងកីឡាក្នុងស្មារតី២ គឺគម្រោងបែបអភិរក្សកីឡាប្រពៃណី និងទី២ គម្រោងបែបអភិវឌ្ឍន៍កីឡាសម័យ ហើយបានប្រគល់ជូនមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ នាថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២១ ដើម្បីដំណើរអោយសិស្សានុសិស្សបានប្រើប្រាស់ក្នុងវិស័យកីឡា ។
លោក ឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យប្រាប់ថា ផ្នែកគម្រោងអភិរក្សកីឡា មកទល់ពេលនេះ មន្ទីរបានតម្លើងរួចហើយនូវសង្វៀនកីឡាប្រដាល់សម្រាប់កីឡាករទម្ងន់ ៤៥គីឡូក្មរាចំនួន ១ ហើយរក្សាទុកនៅក្រោមរោងក្នុងបរិវេនមន្ទីរ ព្រោះជារដូវភ្លៀងធ្លាក់ ។
លោកបានបន្តថា
ចំពោះគម្រោងកីឡាបែបអភិវឌ្ឍន៍ មន្ទីរបាននឹងកំពុងអនុវត្តការសាងសង់ទីលានកីឡាបាល់ទាត់ស្មៅសិប្បនិម្មិត ចំនួន ២តារាង ។ទីមួយនៅវិទ្យាល័យសម្តេចឱ នាភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ជិតជើងភ្នំស្វាយ ដែលមានទំហំ ៩៣ម៉ែត្រគុណ ៤៨ម៉ែត្រ ដែលអាចខ័ណ្ឌបែងជា ៤តារាងហ្វូតសាល (FootSal) និងទីពីរនៅវិទ្យាល័យហ៊ុនសែនខ្លាកូន នាភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយ (ជាប់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលមានទំហំ ៥៣ម៉ែត្រ គុណ ៤៧ម៉ែត្រ ដែលអាចខ័ណ្ឌបែងចេកជា២ តារាងហ្វូតសាល(FootSal) ។
លោកបានបន្តថា គម្រោងតារាងបាល់ទាត់នេះ បានដំណើរការសាងសង់ពីចុងខែសីហាមក ហើយបើគ្មានអ្វីប្រែប្រួលទេ នឹងរួចរាល់នៅអំឡុង ខែវិច្ឆិកា ឆ្នាំ២០២១នេះ ជាគម្រោងប្រើប្រាសថវិកាជាតិឆ្នាំ២០២១ ។
លោក ឈួ ប៊ុនរឿង ប្រធានមន្ទីរបានចុះពិនិត្យ វាយតម្លៃពីដំណើរការអនុវត្តដែលប្រើថវិការដ្ឋ ក្នុងគម្រោងរបស់មន្ទីរសម្រាប់ឆ្នាំ២០២១ ។ ចំពោះការប្រើប្រាស់ លោកប្រធានមន្ទីរថា តារាងនេះអាចអនុញ្ញាតិឱ្យធ្វើជាកន្លែងហ្វឹកហាត់ផង និងកន្លែងប្រកួតផង
ហើយស្មៅសិប្បនិម្មិតនេះ អាចងាយប្រើប្រាស់ ចំណាយថែទាំនិងថេរវេលាបានល្អជាងតារាងស្មៅធម្មជាតិ ៕ ដោយ ៖ ឃិន គន្ធា




