ធ្លាប់ជាអ្នកបំពុលបរិស្ថានធំជាងគេ ឥឡូវនេះចក្រភពអង់គ្លេសព្យាយាមដឹកនាំការប្រយុទ្ធនឹងប្រែប្រួលអាកាសធាតុ
ខណៈពេលដែលចក្រភពអង់គ្លេសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលដើម្បីប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ សមិទ្ធផលនៃការវិវត្តរបស់ខ្លួនពីអ្នកបំពុលបរិស្ថានធំជាងគេទៅជាសេដ្ឋកិច្ចដែលសមស្របទៅនឹងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ ត្រូវបានដាក់បង្ហាញនៅទូទាំងប្រទេស។
ជាទីកន្លែងកំណើតនៃបដិវត្តន៍ឧស្សាហកម្មទី១ ចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងគេ ដែលធ្វើការកំណត់ការកាត់បញ្ចេញឧស្ម័នផ្ទះកញ្ចក់ជាផ្លូវច្បាប់ តាមរយៈការអនុម័តច្បាប់ស្ដីពីការប្រែប្រួលអាកាសធាតុឆ្នាំ ២០០៨។ ទិដ្ឋភាពនៃការលូតលាស់រោងចក្រអគ្គិសនីតួប៊ីនខ្យល់ និងការចាប់ផ្ដើមបោះបង់ចោលរោងចក្រអគ្គិសនីធ្យូងថ្ម គឺជាភស្តុតាងដែលអាចមើលឃើញបំផុតនៃយុទ្ធនាការរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ។
ដោយបានសាងសង់វិស័យអគ្គិសនីតួប៊ីនខ្យល់នៅសមុទ្រធំជាងគេក្នុងពិភពលោក ចក្រភពអង់គ្លេសបានកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទាំងកញ្ចក់បាន ៤៤ ភាគរយ បើធៀបទៅនឹងកម្រិតនៅឆ្នាំ ១៩៩០។ គោលដៅរបស់ពួកគេក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទាំងកញ្ចក់ឱ្យបាន ៦៨ ភាគរយត្រឹមឆ្នាំ ២០៣០ គឺជាផែនការមានមហិច្ឆតាធំបំផុតក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំៗ។
ប្រសិនបើចក្រភពអង់គ្លេសសម្រេចបានគោលដៅនេះ ប្រទេសនឹងចូលរួមក្នុងប្រទេសមួយចំនួនតូចដែលបានធ្វើអ្វីៗគ្រប់គ្រាន់ដើម្បីបំពេញកាតព្វកិច្ចសំខាន់បំផុតនៃកិច្ចព្រមព្រៀងក្រុងប៉ារីស នោះគឺការរក្សាសីតុណ្ហភាពមិនឱ្យកើន ១,៥ អង្សាសេបន្ថែមទៀត។
ដើម្បីទាក់ទាញចំណាប់អារម្មណ៍ រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីបូរីស ចនសុនបានធ្វើការប្រកាសធំៗមួយចំនួនដូចជាបញ្ចប់ការលក់រថយន្តប្រើសាំង និងប្រេងម៉ាស៊ូតទាំងអស់ត្រឹមឆ្នាំ បញ្ចប់ការប្រើប្រាស់រោងចក្រថាមពលធ្យូងថ្ម និងឧស្ម័នធម្មជាតិទាំងអស់នៅឆ្នាំ២០៣៥ និងបញ្ចប់ការលក់ប្រព័ន្ធកំដៅផ្ទះដែលប្រើដោយឥន្ធនៈផូស៊ីលទាំងអស់ត្រឹមឆ្នាំ២០៣៥។
បើទោះបីជាមានការវិវត្តបែបនេះក៏ដោយ ខ្យល់បក់ខ្សោយនៅសមុទ្រខាងជើងឆ្នាំនេះ បានបង្ខំឱ្យអង់គ្លេសបើកដំណើររោងចក្រអគ្គិសនីធ្យូងថ្មមួយចំនួនឡើងវិញ ដែលនេះបង្ហាញពីចំណុចខ្សោយនៃថាមពលដើរដោយខ្យល់។ កង្វះខ្យល់ ឬពន្លឺព្រះអាទិត្យអាចប៉ះពាល់យ៉ាងខ្លាំងដល់ការអភិវឌ្ឍនៃប្រភពថាមពលកកើតថ្មី។
ការប្រឆាំងដោយប្រជាជនតាមមូលដ្ឋាន បានរារាំងការអភិវឌ្ឍនៃរោងចក្រអគ្គិសនីតួប៊ីនខ្យល់នៅលើដីគោក។ ការភ័យខ្លាចអំពីស្តុកបម្រុងថាមពល បានធ្វើឱ្យអង់គ្លេសកំពុងពិចារណាលើការអនុញ្ញាតខួងអណ្ដូងថ្មី នៅតំបន់កំណប់ប្រេងដ៏ធំនៅខាងសមុទ្រខាងជើងប្រទេស។ ឥឡូវនេះក៏មានសំណើបើកអណ្ដូងរ៉ែធ្យូងថ្មថ្មីនៅភាគពាយព្យនៃប្រទេស ដែលវិធានការទាំងនេះអាចនឹងប៉ះពាល់ដល់គោលដៅរបស់អង់គ្លេស។
អ្នកវិភាគមួយចំនួនបានបន្ទោសលោកចន សុន ចំពោះការមិនដាក់ចេញនូវផែនទីបង្ហាញផ្លូវជាក់ស្ដែង ដើម្បីសម្រេចបាននូវគោលដៅដ៏មានមហិច្ឆតារបស់លោក។ ចក្រភពអង់គ្លេសបានបរាជ័យក្នុងការប្រមូលមូលនិធិគ្រប់គ្រាន់ដើម្បីផ្ដល់ហិរញ្ញប្បទានដល់គម្រោងថាមពលស្អាត។ ពួកគេមិនបានបង្ហាញទៅកាន់កសិករ ដែលជាកត្តាជំរុញសំខាន់ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័ន អំពីរបៀបដែលពួកគេអាចរួមចំណែកក្នុងការអភិរក្ស។
ចក្រភពអង់គ្លេសក៏មិនមានអំណាចការទូតដូចកាលពីសម័យចក្រពត្តិអាណានិគមទេ។ នៅពេលដែលលោកចនសុនកោះប្រជុំប្រទេសជាង១០០ លោកនឹងជំរុញគោលដៅមួយចំនួន រួមទាំងការបញ្ចប់ជាសកលចំពោះការប្រើប្រាស់ធ្យូងថ្ម។ ប៉ុន្តែលោកនឹងធ្វើដូច្នេះក្នុងនាមជាមេដឹកនាំប្រទេសមួយដែលបានលែងលះខ្លួនពីសហភាពអឺរ៉ុប ហើយរហូតមកដល់ពេលនេះមិនអាចអ្វីចំពោះប្រទេសចិន សហរដ្ឋអាមេរិក និងឥណ្ឌា ដែលជាអ្នកបញ្ចេញឧស្ម័នធំជាងគេរបស់ពិភពលោក បានទេ។
សម្រាប់ការព្យាយាមកំណត់និន្នាការទាំងអស់របស់ចក្រភពអង់គ្លេស មានការយល់ឃើញក្នុងចំណោមសកម្មជន និងអ្នកវិភាគថា មានអ្វីតិចតួចដែលប្រទេសទំហំមធ្យមអាចធ្វើបានដើម្បីដោះស្រាយបញ្ហារបស់ពិភពលោក៕

ប្រភព៖ New York Times