នៅខេត្តកំពត កំពុង ដំណើរការ នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ និងដូសទី២ ដល់កុមារអាយុ៥ឆ្នាំ ដើម្បីបានចូលសិក្សារៀនសូត្រឡើងវិញ
ក្នុងឱកាសអញ្ជើញពិនឹត្យ ដំណើរការ នៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី១ និងដូសទី២ ដល់កុមារអាយុ ៥ឆ្នាំ នៅស្រុកឣង្គរជ័យ ខេត្តកំពត ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ម៉ៅ ធនិនអភិបាលខេត្ត កំពត បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យច្បាស់លាស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ កន្លងមកការចាក់វ៉ាក់សាំង យើងចាក់ជូនមនុស្សចាប់ពីអាយុ ១៨ឆ្នាំឡើង បន្ទាប់មកចាក់កុមារដែលមានអាយុចាប់ពី ៦ឆ្នាំដល់ក្រោម ១១ឆ្នាំ ១២ឆ្នាំដល់ ១៧ឆ្នាំ ។
ឥឡូវនេះសម្តេចបានគិតគូររហូតរកវ៉ាក់សាំងមកផ្តល់ជូនដល់ចៅៗរបស់សម្តេចទូទាំងប្រទេស ដោយឡែកសម្រាប់ខេត្តកំពតយើងមានវ៉ាក់សាំងសម្រាប់ចាក់ដល់កុមារដែលមានអាយុ ៥ឆ្នាំ ដើម្បីឲ្យកូនៗ ចៅៗរបស់យើងទាំងអស់បានចូលសិក្សាឡើងវិញ ។ ឯកឧត្តមក៏បានសំណូមពរដល់មាតា បិតា អាណាព្យាបាលដែលមានកុមារគ្រប់អាយុ ៥ឆ្នាំមកចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទូទាំងខេត្តកំពត ចាប់ពីថ្ងៃនេះតទៅ និងសូមឲ្យអាជ្ញាធរក្រុង ស្រុក ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយផងដែរ ៕ Sila Sarin