សិង្ហបុរីប្រាប់កុំអោយយន្តហោះរបស់ខ្លួនធ្វើដំណើរឆ្លងកាត់ប្រទេសអ៊ីរ៉ង់
អត្ថបទដោយ៖
Kien Sereyvuth
ក្រុមហ៊ុនអាកាសចរសិង្ហបុរី កាលពីថ្ងៃពុធ ទី៧ មករា ម្សិលមិញថា ខ្លួនបានបង្វែរជើងហោះហើរទាំងអស់ មិនធ្វើដំណើរតាមដែនអាកាសប្រទេសអ៊ីរ៉ង់ទេ។

ការសម្រេចនេះក្រោយពេលដែលអ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទីក ទៅលើកងកម្លាំងយោធាដឹកនាំដោយអាម៉េរិក នៅប្រទេសអ៊ីរ៉ាក់ កាលពីព្រឹកម្សិលមិញ ពោលជាការសងសឹកនឹងការដែលអាម៉េរិកបានសម្លាប់មេបញ្ជាការយោធាកំពូលរបស់អ៊ីរ៉ង់ កាសេម ស៊ូឡេមេនី ដោយការស្លាប់នេះគេជឿថា អាចនឹងមានសង្គ្រាមកាន់តែធំនៅមជ្ឈឹមបូព៌ា។

ក្រុមហ៊ុនអាកាសចរបានអះអាងតាមរយៈសារអេឡិចត្រូនិក ដោយគ្មានផ្តល់ហេតុផលនៃការបង្វែរផ្លូវធ្វើដំណើរនេះថា «ផ្លូវសម្រាប់ជើងហោះហើររបស់ក្រុមហ៊ុនទាំងអស់ត្រូវបានប្រាប់កុំឲ្យធ្វើដំណើរតាមដែនអាកាសប្រទេសអ៊ីរ៉ង់»៕ធ.ដ


