ចិនជំរុញអោយប្រជាជនខ្លួនស្តុកទុកសម្ភារៈសំខាន់ៗក្នុងករណីមានអាសន្ន ចំពេលតម្លៃទំនិញកើនឡើង នៅមុនរដូវរងាមកដល់
ប៉េកាំង៖ រដ្ឋាភិបាលចិនបានស្នើអោយគ្រួសារស្តុកទុកសម្ភារៈសំខាន់ៗក្នុងករណីមានអាសន្ន បន្ទាប់ពីជំងឺកូវីដ១៩ និងបញ្ហាភ្លៀងធ្លាក់មិនទៀងទាត់ ធ្វើអោយតម្លៃបន្លែកើនឡើង ចំពេលមានការព្រួយបារម្ភអំពីកង្វះការផ្គត់ផ្គង់។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មចិនបានជំរុញឱ្យរដ្ឋាភិបាលក្នុងតំបន់ធ្វើការងារអោយបានល្អ ក្នុងការធានាការផ្គត់ផ្គង់ និងស្ថិរភាពតម្លៃទំនិញ ហើយផ្តល់ការព្រមានជាមុន ប្រសិនបើមានបញ្ហាណាមួយពីខ្សែសង្វាក់ផ្គត់ផ្គង់។ ក្រសួងពាណិជ្ជកម្មចិនបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលមូលដ្ឋានគួរតែស្តុកទុកបន្លែផ្លែឈើនិងពង្រឹងបណ្តាញដឹកជញ្ជូនបន្ទាន់ ដើម្បីធានាបាននូវបណ្តាញចែកចាយប្រកបដោយប្រសិទ្ធភាព និងរលូន។
គួរបញ្ជាក់ថា អាកាសធាតុខ្លាំង និងការរាតត្បាតនៃជំងឺកូវីដ១៩ បានធ្វើឱ្យសន្តិសុខស្បៀងកាន់តែមានការព្រួយបារម្ភសម្រាប់ប្រទេសចិន។ រដ្ឋាភិបាលកំពុងធ្វើសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខស្បៀង ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់កាកសំណល់អាហារ។ រដ្ឋាភិបាលចិនក៏បានអំពាវនាវឱ្យមានការដាំបន្លែឡើងវិញឱ្យបានទាន់ពេលវេលា ដោយជំរុញឱ្យអាជ្ញាធរមូលដ្ឋានជួយឧបត្ថម្ភ។ យោងតាមក្រសួងកសិកម្មចិនបានអោយដឹងថា បច្ចុប្បន្ននេះប្រទេសចិនមានផ្ទៃដីដាំបន្លែ និងផ្លែឈើប្រហែល៧លានហិកតា៕ ប្រភព៖ Reuters



