ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋម ន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក FABRICE ‘Etienne លេខាទី១ ស្ថានទូត នៃសាធារណរដ្ឋបារាំង ប្រចាំនៅកម្ពុជា និងលោកស្រី Ophèie BOURHIS នាយកទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ ប្រចាំនៅកម្ពុ-ជា បានចុះហត្ថលេខា តាមប្រព័ន្ធ Video Conference (VC) លើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការចំនួន ០២ ដូចខាងក្រោម៖
១-កិច្ចព្រមព្រៀងឥណទានសម្បទានបន្ថែម សម្រាប់កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរវិស័យ កសិកម្មសម្រាប់ប្រទេសកម្ពុជា ដំណាក់កាលទី១ (Water Resources Management and Agro-ecological Transition for Cambodia Program. Phase 1-WAT4CAM) មានទឹកប្រាក់ចំនួន ២០ លានអឺរ៉ូ (ប្រមាណ ២៣,១៣ លានដុល្លារអាមេរិក)សម្រាប់ហិរញ្ញប្បទានបន្ទាន់ ដល់ការស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រ ដែលបានខូចខាតដោយសារគ្រោះទឹកជំនន់ កាលពីខែតុលា ឆ្នាំ ២០២០ ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
ប្រព័ន្ធធារាសាស្ត្រ និងត្រូវស្តារឡើងវិញ មានដូចខាងក្រោម៖
ស្ដារឡើងវិញនូវទំនប់អាងស្តុកទឹក (Embankment Reservoir) ចំនួន ០២កន្លែង ក្នុងខេត្តបាត់ដំបង (១)-ទំនប់សណ្ដរអាងទឹកកំពីងពួយ ក្នុងស្រុកបាណន់ និង (២)-ទំនប់អាងទឹកភាសន៍ក្នុងស្រុកឯកភ្នំ និងស្តារឡើងវិញនូវទំនប់អាងស្តុកទឹក៖ ចំនួន ០៧កន្លែង ក្នុងខេត្តបន្ទាយមានជ័យ៖ គឺ (១)-ទំនប់តាដុក (២)-ទំនប់អាងគ្រុឌ (៣)-ទំនប់អាងស្នឹង (៤)-ទំនប់អន្លង់ត្រាច ក្នុងស្រុកថ្មពួក និង (៥)-ទំនប់អាងបន្ទាត់បោះ (៦)-ប្រាសាទប្រាំ ក្នុងស្រុកស្វាយចេក។ ស្តារឡើងវិញនូវប្រព័ន្ធប្រឡាយ (Canal). ចំនួន ០៨កន្លែង ក្នុងខេត្តបាត់ដំបង៖ គឺ (១)-ប្រឡាយ លេខ១ (២)-ប្រឡាយលេខ២(៣)-ប្រឡាយលេខ៣(៤)-ប្រឡាយលេខ៤ (៥)-ប្រឡាយលេខ៥ ក្នុងស្រុកថ្មគោល និង (៦)-ប្រព័ន្ធស្រោចស្រពមង្គលបុរី (៧)-ប្រឡាយព្រៃខ្ពស់ ក្នុងស្រុកបវេល និង (៨)-ប្រព័ន្ធស្រោចស្រពកង្ហត ក្នុងស្រុកបាណន់ និងស្តារឡើងវិញនូវប្រព័ន្ធប្រឡាយ (Canal) ចំនួន ០២ កន្ទែង ក្នុងខេត្តបន្ទាយមានជ័យគឺ៖
(១)-អាង ប្រសាទប្រាំ និង (២)-អាងអន្លង់រុត ក្នុងស្រុកស្វាយចេក។
២-កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង មានទឹកប្រាក់ចំនួន ៣០ម៉ឺនអឺរ៉ូ (ប្រមាណ ៣សែន ៤ម៉ឺន ៦ពាន់ ៨០០ ដុល្លារអាមេរិក) ពីមូលនិធិ Facility for Support, Preparation and Implementation of Project (FAPS) សម្រាប់ហិរញ្ញប្បទានដល់ការសិក្សាសមិទ្ឋិលទ្ឋភាពគម្រោងស្តារឡើងវិញស្ទឹងស្វាយចេក (Svay Chek River Restoration and Management Project) ក្នុងខេត្តបន្ទាយមានជ័យ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការផ្តល់ហិរញ្ញប្បទានដល់ គម្រោង/កម្មវិធីខាងលើនេះ គឺបានឆ្លើយតបយ៉ាងជាក់ច្បាស់ ទៅនឹងសេចក្តីត្រូវការជាអាទិភាព ក្នុងការរួមចំណែកការ អភិវឌ្ឍន៍ និងស្តារសេដ្ឋកិច្ចកម្ពុជាបន្ទាប់ពីវិបត្តិកូវីដ-១៩ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ដោយលើកស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ តាមរយៈការសាងសង់ប្រព័ន្ធធារាសាស្ត្រ ដែល សបទៅនឹងមុំទី ១ នៃចតុកោណទី ៤ ដូចមានចែងក្នុងឯកសារយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ របស់ រាជរដ្ឋាភិបាលកម្ពុជា។ សាធារណរដ្ឋបារាំង មិនត្រឹមជាប្រទេសដែលបានចូលរួមយ៉ាងសកម្ម ក្នុងការនាំមកនូវសុខសន្តិភាព ដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ តែក៏ជាមិត្តដ៏ប្រពៃ ដែលតែងតែជួយគាំទ្រ ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដល់ការអភិវឌ្ឍកម្ពុជា ហើយភាពជាដៃគូនេះ នឹងពង្រឹងឱ្យកាន់តែខ្លាំងឡើង នូវចំណងមិត្តភាព រវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។
ទន្ទឹមនេះ ក្នុងនាមលោកស្រី Ophèie BOURHIS និងក្នុងនាមរដ្ឋាភិបាល នៃសាធារណរដ្ឋបារាំង លោកស្រីនាយក AFD ប្រចាំនៅកម្ពុជា បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការ និងវិធានការនានា ដែលរាជរដ្ឋាភិបាលបាន និងកំពុងដាក់ចេញ ក្នុងការប្រយុទ្ធទៅនឹងការរាលដាល នៃជម្ងឺកូកវីដ-១៩។ ជាពិសេស ការដាក់ចេញនូវគោលការណ៍ ៣កុំ ៣ការពារ, ការដាក់វិធានការបិទខ្ទប់ ដោយគ្មានការបិទប្រទេសទាំងមូល និងការជំរុញយ៉ាងសកម្ម ក្នុងការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដល់កងកម្លាំង មន្ត្រីរាជការ គ្រូបង្រៀន និយោជិក កម្មករ-កម្មការនី និងប្រជាជនទូទៅ ដែលបច្ចុប្បន្ននេះ ជារួមសម្រេចបានប្រមាណ ៨៩% ផ្អែកតាមផែនការ។
ក្នុងឱកាសនោះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង និងប្រជាជនបារាំង តាមរយៈ AFD ដែលបានបន្តគាំទ្រ ប្រកបដោយភាពសប្បុរស និងបានផ្ដល់ហិរញ្ញប្បទានដ៏ថ្លៃថ្លា ក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ដែលសកមភាពទាំងនេះ គឺជាសក្ខីភាព ប្រកបដោយកាយវិការដ៏ប្រពៃ និងសមានចិតដ៍ថ្លៃថ្លា របស់ភាគីមិត្ត ជាពិសេស ការជឿទុកចិត្ត និងជឿជាក់លើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕ ដោយ/ វ៉េង លឹមហួត



