មេបញ្ជាការកងទ័ពជើងគោកវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកងទ័ពជើងគោកកម្ពុជា និងឥណ្ឌូនេស៊ី
ភ្នំពេញៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកងទ័ពជើងគោក នៃប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី ដែលមានការរីកចម្រើនជាលំដាប់លើមូលដ្ឋាននៃ MOU រវាងស្ថាប័នទាំងពីរ ក្នុងឆ្នាំ២០០៧ និងកំពុងត្រូវបានជំរុញបន្ថែមទៀតដោយផ្តោតលើការភ្ជាប់ទំនាក់ទំនងរវាឯកភាព និងអង្គភាពចំណុះ ដែលជាប្រតិបត្តិករផ្ទាល់នៃសកម្មភាពសហប្រតិបត្តិការ។
ការវាយតម្លៃនេះ បានធ្វើឡើងនៅក្នុងជំនួបជាមួយលោកវរសេនីយ៍ឯក Inyoman Sukasana អនុព័ន្ធយោធានៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកត្រូវបញ្ចប់បេសកកម្មការងារ និងអមដោយវត្តមានរបស់លោកវរសេនីយ៍ឯក Mochammad Rizal អនុព័ន្ធយោធាឥណ្ឌូនេស៊ី ដែលទទួលការតែងតាំងថ្មី ដើម្បីណែនាំខ្លួន នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះជោគជ័យនៃបេសកកម្មការទូតយោធារបស់ លោកវរសេនីយ៍ឯកInyoman Sukasana និងបានអរគុណចំពោះកិច្ចខិតប្រឹងប្រែងរបស់លោកនៅក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន ដូចជាការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស និងការចែករំលែកផ្លាស់ប្តូរបទពិសោធន៍លើការងារប្រឆាំងភេរវកម្ម ជាដើម។
ឯកឧត្តមក៏ក្នុងជំនួបនេះផងដែរ ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ក៏បានយកឱកាសនោះ ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល, ប្រជាជន និងកងទ័ពឥណ្ឌូនេស៊ី ដោយបានរំឭកឡើងវិញអំពីការចូលរួមចំណែកយ៉ាងសំខាន់របស់ប្រទេសឥណ្ឌូនេស៊ី នៅក្នុងដំណើរការស្វែងរកសន្តិភាព ក៏ដូចជាការកសាងអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជាតាំងពីទស្សវត្សរ៍ឆ្នាំ៩០រហូតមកដល់បច្ចុប្បន្ន។
ចំណែកលោកវរសេនីយ៍ឯក Inyoman Sukasana បានជម្រាបជូន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អំពីសមិទ្ធិផលការងារជាច្រើនដែលសម្រេចបានក្នុងអាណត្តិការទូតយោធារបស់លោក ដោយសារទទួលបានកិច្ចសហការល្អពីគ្រប់ប្រភេទទ័ព នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាបណ្តាស្ថាប័ននានារបស់រាជរដ្ឋាភិបាល ដែលបានចូលរួមចំណែកធ្វើឱ្យទំនាក់ទំនាក់រវាងប្រទេស និងកងទ័ពទាំងពីរ កាន់តែរីកចម្រើនឈានឡើង ជាពិសេសទំនាក់ទំនងមិត្តភាពជាបងប្អូនដ៏ជិតស្និទ្ធរវាងប្រជាជនទាំងពីរ ក៏ត្រូវបានពូនជ្រំរឹងមាំតាំងពីអតីតកាលដល់បច្ចុប្បន្ន និងបន្តទៅអនាគត។
លោកវរសេនីយ៍ឯក Inyoman Sukasana បន្តថា នៅចំពោះមុខបញ្ហាប្រឈមនៃជំងឺកូវីដ-១៩ ដែលប្រទេសទាំងពីរ ក៏ដូចជាពិភពលោកទាំងមូលបានរងគ្រោះក្នុងរយៈពេលជិតពីរឆ្នាំកន្លងមកនេះ លោកបានគោរពកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធទប់ស្កាត់នឹងជំងឺរាតត្បាតនេះ យ៉ាងមានប្រសិទ្ធភាពទៅតាមដំណាក់កាលវិវត្តនៃសភាពការណ៍ ហើយដែលជោគជ័យនេះ គឺពិតជាបានកើតឡើងដោយមានការចូលរួមចំណែកមិនអាចខ្វះបានរបស់កងយោធពលខេមរភូមិន្ទ និយាយជារួម និងនិយាយដោយឡែក របស់កងទ័ពជើងគោក។ លោក ក៏បានថ្លែងអំណរគុណជាពិសេសចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ចំពោះគ្រប់មន្ត្រីការទូតទាំងអស់ ដែលបំពេញបេសកកម្មនៅកម្ពុជាតាមរយៈការផ្តល់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រកបដោយភាពកក់ក្តៅបំផុត ដោយជាក់ស្តែងមន្ត្រីក្នុងការិយាល័យអនុព័ន្ធយោធារបស់លោកទាំងអស់ ទទួលបានការចាក់វ៉ាក់សាំងគ្រប់គ្នា រួមទាំងការចាក់ដូសទី៣ ផងដែរ៕
ដោយៈពលជ័យ
