អតីតអ្នកការទូតអាមេរិកទៅបំពេញបេសកកម្មមនុស្សធម៌ទៅមីយ៉ាន់ម៉ា និងចូលជួបជាមួយ មីន អ៊ុងឡាំង
អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោក Bill Richardson បានដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា ហើយនៅថ្ងៃអង្គារកន្លងទៅ លោកក៏បានចូលជួបជាមួយប្រមុខយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង ផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានកាន់កាប់ដោយយោធាមីយ៉ាន់ម៉ាផ្សាយជាភាសាអង់គ្លេស Global New Light of Myanmar។
ប្រភពខាងលើបានចុះផ្សាយនៅក្នុងទំព័រមុខរបស់ខ្លួន ដោយដាក់អមជាមួយរូបភាពដ៏ធំមួយ បង្ហាញអំពីជំនួបរវាងអតីតមន្ត្រីការទូតជាន់ខ្ពស់អាមេរិក និងមេដឹកនាំយោធាមីយ៉ាន់ម៉ា។ បើតាមការចុះផ្សាយពីខាងមីយ៉ាន់ម៉ា លោក Richardson បាននាំមកនូវជំនួយមនុស្សធម៌ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
ជំនួបខាងលើនេះពិភាក្សាអំពីរឿងកូវីដ ហើយថែមទាំងនិយាយអំពីផែនការរបស់អាមេរិកក្នុងការផ្ដល់វ៉ាក់សាំងកូវីដ-១៩ ទៅកាន់មីយ៉ាន់ម៉ាទៀតផង។ នេះបើតាមការចុះផ្សាយរបស់ Global New Light of Myanmar។
មជ្ឈមណ្ឌល Richardson បានចុះផ្សាយអំពីដំណឹងរបស់អតីតអ្នកការទូត និងអតីតអភិបាលរដ្ឋ New Mexico រូបនេះធ្វើដំណើរទៅកាន់មីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យកន្លងទៅ ហើយអះអាងថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ក៏បានជ្រាបអំពីរឿងនេះដែរ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញមុខបញ្ជាក់ថា ទស្សនកិច្ចរបស់លោក Richardson មិនជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលអាមេរិកទេ តែក៏សង្ឃឹមថា សកម្មភាពរបស់លោកអាចផ្ដល់ផ្លែផ្កាណាមួយ។
មានមតិជាច្រើនយល់ថា អតីតទូតអាមេរិកទៅកាន់ UN រូបនេះទំនងជាចរចាជាមួយអាជ្ញាធរយោធាមីយ៉ាន់ម៉ា ក្នុងការដោះលែងអ្នកកាសែតអាមេរិក លោក Danny Fenster ដែលត្រូវបានចាប់ខ្លួនកាលពីខែឧសភា។
លោក Richardson ជារឿយៗបានធ្វើការពាក់ព័ន្ធនឹងការចរចា ដើម្បីដោះលែងជនជាតិអាមេរិក ដែលត្រូវបានជាប់ជាចំណាប់ខ្មាំងនៅប្រទេសមានទំនាក់ទំនងមិនសូវល្អជាមួយអាមេរិកដូចជា កូរ៉េខាងជើង និងវេណេហ្ស៊ុយអេឡាជាដើម។ លោកក៏ធ្លាប់ជាប់ពាក់ព័ន្ធយ៉ាងច្រើនជាមួយមីយ៉ាន់ម៉ាផងដែរ ដោយលោកទៅប្រទេសនេះលើកចុងក្រោយបង្អស់នៅឆ្នាំ២០១៨ អំឡុងពេលមានវិបត្តិរ៉ូហ៊ីងយ៉ា៕

ប្រភព៖ The Diplomat