អ៊ីរ៉ង់៖ ការចរចាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរនឹងបន្តនៅថ្ងៃទី ២៩ ខែវិច្ឆិកាខាងមុខ
តេហេរ៉ង់៖ អ្នកចរចានុយក្លេអ៊ែរជាន់ខ្ពស់របស់អ៊ីរ៉ង់លោក Ali Bagheri Kani បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា កិច្ចចរចានុយក្លេអ៊ែរនៅទីក្រុងវីយែន ស្តីពីការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) នឹងបន្តឡើងវិញនៅថ្ងៃទី ២៩ ខែវិច្ឆិកាខាងមុខនេះ។
បន្ទាប់ពីកិច្ចប្រជុំរវាងលោក Bagheri Kani និងលោក Enrique Mora អគ្គលេខាធិការរង នៃសេវាកម្មសកម្មភាពខាងក្រៅរបស់អឺរ៉ុបនៅទីក្រុងតេហេរ៉ង់ និងព្រុចសែលនោះ អ៊ីរ៉ង់ និងសហភាពអឺរ៉ុបបានព្រមព្រៀងគ្នាលើការបន្តកិច្ចចរចាក្នុងខែវិច្ឆិកានេះ។ អ៊ីរ៉ង់បាននិយាយថា បញ្ហានៃការដកទណ្ឌកម្ម និងការអនុវត្តកាតព្វកិច្ចពេញលេញរបស់ភាគីពាក់ព័ន្ធចំពោះ JCPOA នឹងក្លាយជារបៀបវារៈសំខាន់នៃកិច្ចពិភាក្សាដែលត្រូវបានផ្អាកចាប់តាំងពីខែមិថុនា បន្ទាប់ពីការផ្លាស់ប្តូររដ្ឋបាលរបស់អ៊ីរ៉ង់។ លោក Bagheri Kani បានសរសេរសារបង្ហោះនៅលើធ្វីតធើថា នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោក Enrique Mora យើងបានយល់ព្រមចាប់ផ្តើមការចរចាដែលមានបំណងដកចេញនូវទណ្ឌកម្មខុសច្បាប់ និងអមនុស្សធម៌នៅថ្ងៃទី ២៩ខែវិច្ឆិកា នៅទីក្រុងវីយែន។
គួរបញ្ជាក់ថា ទីក្រុងតេអេរ៉ង់ និងមហាអំណាចចំនួន ៦ បានចាប់ផ្តើមពិភាក្សាអំពីវិធីដើម្បីសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរនៅក្នុងខែមេសាកន្លងទៅនេះ។ វាបានបំផ្លាញចាប់តាំងពីឆ្នាំ ២០១៨មក នៅពេលដែលអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ហើយដាក់ទណ្ឌកម្មឡើងវិញលើប្រទេសអ៊ីរ៉ង់៕ ប្រភព៖ CGTN

