មន្ទីរបញ្ចកោណព្រមានពីមហិច្ឆតាបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិន

វ៉ាស៊ីនតោន៖ ក្រសួងការពារជាតិអាមេរិកបានប្រកាសអាសន្ន នៅថ្ងៃ ពុធ សប្តាហ៍នេះ ជុំវិញមហិច្ឆតានុយក្លេអ៊ែររបស់ចិន។ ក្រុមអ្នកវិភាគបានប៉ាន់ប្រមាណកាលពីឆ្នាំមុនថា ឃ្លាំងផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរនោះ មានប្រហែល ២០០គ្រាប់ ហើយនឹងកើនឡើងទ្វេដងក្នុងរយៈពេលមួយទសវត្សរ៍។ តែឥឡូវនេះ ពួកគេបានព្យាករណ៍ថា ឃ្លាំងអាវុធនោះអាចកើនឡើងដល់ជិត ១ពាន់គ្រាប់។

មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក បានបញ្ចេញរបាយការណ៍ចុងក្រោយមួយ នៅថ្ងៃពុធសប្តាហ៍នេះថា ចិនកំពុងតែបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរយ៉ាងឆាប់រហ័សលើសពីការរំពឹងទុក ហើយវានឹងបន្ថយគម្លាតរវាងសហរដ្ឋអាមេរិក។ បើតាមរបាយការណ៍នេះ ក្រុមជំនាញនៃយោធាអាមេរិករំពឹងថា ចិននឹងអាចមានក្បាលគ្រាប់នុយក្លេអ៊ែរដែលប្រើការបានចំនួន ៧០០គ្រាប់នៅក្នុងឃ្លាំងត្រឹមឆ្នាំ២០២៧ ហើយនឹងត្រូវបង្កើនរហូតដល់ចំនួន ១ពាន់គ្រាប់នៅឆ្នាំ២០៣០។ ចំនួននេះគឺស្មើនឹង ២.៥ដង លើសពីអ្វីដែលមន្ទីរបញ្ចកោណធ្លាប់បានធ្វើការប៉ាន់ប្រមាណកាលពីមួយឆ្នាំមុន។

បើតាមមន្ទីរបញ្ចកោណ ប្រទេសចិនកំពុងតែបង្កើនការវិនិយោគ និងចំណាយ ទៅលើការកសាងមូលដ្ឋានលើដី សមុទ្រ និងអាកាស ដើម្បីអាចទ្រទ្រង់ការដឹកជញ្ជូន និងរក្សាទុកក្បាលគ្រាប់នុយក្លេអ៊ែរទាំងនៅក្នុងទ្រង់ទ្រាយតូច និងធំ។ ការគណនាទាំងអស់នេះ ត្រូវបានដាក់បញ្ចូលទៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការពារជាតិទៅកាន់សភាអាមេរិករួចហើយ៕ ប្រភព៖ NHK និង CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner