អ្នកនាំពាក្យបក្សកាន់អំណាចថា លោក កឹម សុខា ប្រកាសលក់ផ្ទះ គឺជាសិទ្ធិរបស់លោក តែបើយកលុយមកធ្វើ នយោបាយ គឺអាស្រ័យលើចៅក្រម ព្រោះសំណុំរឿងរបស់លោក កំពុងស្ថិតក្នុងដៃតុលាការ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯ,ឧ សុខ ឥសាន បានលើកឡើងក្នុងបណ្តាញសង្គមតេឡេក្រាមថា លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសលក់ផ្ទះ គឺជាសិទ្ធិរបស់លោក គ្មានអ្នកណាហាមឃាត់នោះទេ តែបើក្នុងករណីលក់ ដើម្បី យកលុយមកធ្វើនយោបាយ គឺអាស្រ័យទៅលើចៅក្រម ព្រោះសំណុំរឿង របស់អតីតមេបក្សបប្រឆាំងនេះ កំពុងស្ថិតក្នុងដៃតុលាការ ។

ឯ,ឧ សុខ ឥសាន បានបន្តថា “ការប្រកាសលក់គេហដ្ឋាន និងដីរបស់កឹម សុខា ជាសិទ្ធិរបស់សាម៉ីជន ដែលជាម្ចាស់កម្មសិទ្ធិ។ ការដាក់ ការសង្ស័យថា យកលុយទៅជួយគណបក្សនយោបាយណាមួយ គឺអាស្រ័យលើចៅក្រមដែលដាក់បម្រាមធ្វើនយោបាយ ជាអ្នកសន្និដ្ឋាន។ លោក កឹម សុខា លក់ផ្ទះក្នុងតម្លៃជាង២លានដុល្លារ ហើយក៏មានអ្នកវិភាគថា ការលក់ផ្ទះរបស់លោក កឹម សុខា ក្នុងដំណាក់កាលកូវីដ មិនទាន់រលត់បាត់នេះ ដើម្បីយកលុយ មកធ្វើនយោបាយ ។

នេះបើវិទ្យុអាស៊ីសេរី ផ្សាយកាលពីថ្ងៃ២ វិច្ឆិកា។ វិទ្យុនេះបន្តថា លោក កឹម សុខា ដាក់លក់វិឡា ដែលកំពុងស្នាក់នៅសព្វថ្ងៃ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ គឺធ្វើឡើងតាមគេហទំព័រអចលនទ្រព្យមួយកាល ពីពេលថ្មីៗនេះ ។ វិឡានេះមានបន្ទប់គេង៦ បន្ទប់ទឹក៨ និងមានអាងហែលផងដែរ ។

ទាក់ទងករណីនេះ លោក មុត ចន្ថា មនុស្សជំនិត របស់លោក កឹម សុខា បានប្រាប់ថា លោកមិនបានសួរនាំរឿងលក់ផ្ទះពីលោក កឹម សុខា ទេ ។ ចំណែកឯលោក ចាន់ ចេន មេធាវីម្នាក់ របស់លោក កឹម សុខា បាននិយាយខ្លីថា មិនបានដឹងរឿងនេះទេ ។ សូមជម្រាបថា លោក កឹម សុខា ត្រូវសមត្ថកិច្ច ចាប់ខ្លួន ទាំងកណ្ដាល យប់ កាលពីថ្ងៃទី២ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងផ្ទះរបស់លោកដែលកំពុងប្រកាសលក់នេះតែម្តង៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner