ចាប់ពីថ្ងៃទី១ ខែវិច្ឆិកាមក ក្រុមការងារ ដោះស្រាយបានជាង ៣០០សំណូមពរនិងទំនាស់ ក្នុងចំណោមជាង ៧០០សំណូមពរ និងទំនាស់ នៅទូទាំខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ ឯកឧត្តម អម សុភា អភិបាលរងខេត្ត មានប្រសាសន៍ថា នៅក្នុងរយៈពេលកន្លងមកនេះ រដ្ឋបាលខេត្តបានដាក់ចេញនូវផែនការដោះស្រាយសំណូមពរនិងទំនាស់ជូនប្រជាពលរដ្ឋដែលដំណើរការចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ជាលទ្ធផលទូទាំងខេត្តជាង ៧០០សំណូមពរ និងទំនាស់ ក្រុមការងារទាំង៨ក្រុម ដោះស្រាយបានជាង ៣០០សំណូមពរនិងទំនាស់ហើយ ជាទិសដៅក្រុមការងារនិងបន្តដោះស្រាយបញ្ចប់នៅចុងខែវិច្ឆិកានេះ។

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តតាមរយៈប្រព័ន្ធវីដេអូ Zoom ។ គោលបំណងនៃកិច្ចប្រជុំដើម្បីពិនិត្យ និង ឆ្លងរបាយការណ៍សមិទ្ធផលសកម្មភាពការងាររបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រចាំត្រីមាសទី៣ និងខែតុលា ដែលសម្រេចបាននិងលើកទិសដៅអនុវត្តបន្ត។

ឯកឧត្តម អម សុភា មានប្រសាសន៍ទៀតថា នៅក្នុងរយៈពេលកន្លងមកនេះខេត្តកំពង់ឆ្នាំង បានជម្រុញធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ដោយធានាបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋល្អប្រសើរ ។ ជាពិសេសចូលរួមប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបំពេញបេសកម្មយ៉ាងយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយដោយផ្ទាល់នៅមូលដ្ឋាន ដើម្បីប្រជាពលរដ្ឋយល់ដឹង និងចូលរួមកាត់ផ្តាច់ការចំលងក្នុងសហគមន៍។

ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងនូវការកោតសរសើរដល់អភិបាលនៃគណៈអភិបាលខេត្តនិងថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ដែលបានរួបរួមគ្នាសម្រេចបានលទ្ធផលល្អ ធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពប្រសើរឡើងថែមទៀត។ជាពិសេសការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ដែលបច្ចុប្បន្នទូទាំងប្រទេសដោយឡែកខេត្តកំពង់ឆ្នាំងមានភាពធូរស្រាល ៕ សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner