ភាពចម្រូងចម្រាស់ជុំវិញបញ្ហាឧបទ្ទវហេតុនាវាមុជទឹករបស់អាមេរិកនៅតំបន់សមុទ្រចិនខាងត្បូងនៅតែបន្ដ ខណៈអាមេរិកបានបញ្ជាក់ថា នាវាមុជទឹករបស់ខ្លួនរងការខូចខាតដោយសារបុកទង្គិចនឹងភ្នំក្រោមបាតសមុទ្រ

អត្ថបទដោយ៖
AMS OneMinute

ភាពចម្រូងចម្រាស់ជុំវិញបញ្ហាឧបទ្ទវហេតុនាវាមុជទឹករបស់អាមេរិកនៅតំបន់សមុទ្រចិនខាងត្បូងនៅតែបន្ដ ខណៈអាមេរិកបានបញ្ជាក់ថា នាវាមុជទឹករបស់ខ្លួនរងការខូចខាតដោយសារបុកទង្គិចនឹងភ្នំក្រោមបាតសមុទ្រ តែភាគីចិនយល់ថា អាមេរិកនៅតែមិនទាន់បកស្រាយច្បាស់លាស់។

នាវាមុជទឹកអាមេរិកឈ្មោះថា USS Connecticut ដែលដើរដោយថាមពលនុយក្លេអ៊ែរ និងអាចផ្ទុកនាវិកប្រមាណច្រើនជាង ១០០នាក់បានប៉ះទង្គិចទៅនឹងរបស់ដែលមិនស្គាល់ នៅពេលធ្វើប្រតិបត្តិការក្រោមទឹកនៅ ដែនសមុទ្រអន្តរជាតិក្នុងតំបន់សមុទ្រចិនខាងត្បូង។

ភាគីចិនទាមទារឱ្យអាមេរិកបកស្រាយឱ្យច្បាស់អំពីមូលហេតុ និងផលប៉ះពាល់នៃការខូចខាតនេះ ដោយបារម្ភក្រែងមានលេចធ្លាយវិទ្យុសកម្មនុយក្លេអ៊ែរ ដែលអាចប៉ះពាល់ដល់បរិស្ថាននៅសមុទ្រចិនខាងត្បូង។

លោក Wang Wenbin អ្នកនាំពាក្យនៃក្រសួងការបរទេសចិន បានលើកឡើងថា៖
“អាមេរិកមិនបានបង្ហាញនូវទីតាំងពិតប្រាកដនៃឧបទ្ទវហេតុ ក៏ដូចជាគោលបំណងនៃការចល័តនាវាមុជទឹកនុយក្លេអ៊ែរប្រភេទនេះ។ ទង្វើនេះនឹងបកអាក្រាតឱ្យពិភពលោកឃើញថា អាមេរិកមិនមានទំនួលខុសត្រូវសោះឡើយ។”

ចិនជំរុញឱ្យអាមេរិកបកស្រាយឱ្យកាន់តែច្បាស់អំពីហេតុការណ៍នេះ ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភ និងមន្ទិលសង្ស័យរបស់ប្រទេសនានានៅក្នុងតំបន់។

ចិនក៏បានអំពាវនាវឱ្យអាមេរិកបញ្ឈប់ការបញ្ជូននាវា ឬ យន្តហោះចម្បាំងចូលក្នុងតំបន់សមុទ្រចិនខាងត្បូងនេះបន្តទៀត ដោយចាត់ទុកសកម្មភាពទាំងនេះថាជារឿង “អុជអាល” មួយ ដែលបង្កអស្ថិរភាពនៅក្នុងតំបន់។

ប្រភព៖ SCMP

ads banner