កិច្ចប្រជុំពិនិត្យពិភាក្សា លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ ជាមួយគណៈកម្មការទី៩ និងគណៈកម្មការទី៥ នៃរដ្ឋសភា
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ ជាមួយគណៈកម្មការទី៩ និងគណៈកម្មការទី៥ នៃរដ្ឋសភា ដែលដឹកនាំដោយលោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកានៃរដ្ឋសភា ដ៏ឧត្តុងឧត្តម មកពីគណៈកម្មការជំនាញផ្សេងៗទៀត។
ជាកិច្ចចាប់ផ្តើម លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ បានថ្លែងមតិស្វាគមន៍ និងថ្លែងអំណរគុណតំណាងរាជរដ្ឋាភិបាល ដែលដឹកនាំដោយឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងបានជម្រាបជូនអង្គប្រជុំ អំពីរបាយការណ៍លទ្ធផលរបស់គណៈកម្មការជំនាញ លើសេចក្តីព្រាងច្បាប់នេះ ហើយបាន ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការ-ដោះស្រាយវិវាទ។
ជាការឆ្លើយតប ឯកឧត្តម ប៉ាន សូរស័ក្ដិ បានជម្រាបជូនអំពីសាវតា គោលបំណង អត្ថប្រយោជន៍ និងខ្លឹមសារនៃពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទនេះ។ ពិធីសារនេះ បានផ្តល់អត្ថប្រយោជន៍សំខា-ន់ៗ ដល់ប្រទេសកម្ពុជា រួមមាន៖ក្នុងនាមជាប្រទេសអភិវឌ្ឍតិចតួច នឹងទទួលបាននូវការអនុវត្ត នីតិវិធីពិសេសសម្រាប់រដ្ឋសមាជិកអភិវឌ្ឍតិចតួច នៅពេលដោះស្រាយវិវាទ ដែលកើតឡើងរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋសមាជិកផ្សេងទៀត ក្នុងក្របខ័ណ្ឌអាស៊ាន។ បន្ថែមពីលើនេះ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជាបង្ហាញពីការប្តេជ្ញាចិត្ត និងការរួមចំណែកដ៏សំខាន់របស់កម្ពុជា ដល់ការពង្រឹងយន្តការដោះស្រាយវិវាទ ក្នុងក្របខ័ណ្ឌ-អាស៊ាន ដោយប្រើប្រាស់កិច្ចព្រមព្រៀង គ្របដណ្ដប់ទាំងឡាយរបស់អាស៊ាន ដែលទទួលបានការផ្តល់សច្ចាប័ន ពីស្ថាប័ននីតិបញ្ញត្តិរួចហើយ ធ្វើជាមូលដ្ឋាន។
ឆ្លងតាមការពិភាក្សាយ៉ាងល្អិតល្អន់ និងដោយយោងតាមការសិក្សាលើទម្រង់ គតិច្បាប់ និងខ្លឹមសារលម្អិតនៃសេចក្តីព្រាងច្បាប់ខាងលើ អង្គប្រជុំបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីក្រសួងពាណិជ្ជកម្ម ព្រមទាំងបានផ្តល់ការឯកភាព និងទទួលយកទាំងស្រុង នូវសេចក្តីព្រាងច្បាប់នេះ ដោយរក្សានូវខ្លឹមសារដើមទាំងស្រុង នៃសេចក្តីព្រាងរបស់រាជរដ្ឋាភិបាល ហើយត្រៀមបញ្ជូនសេចក្តីព្រាងច្បាប់នេះ ដាក់ជូនសម័យប្រជុំពេញអង្គនៃរដ្ឋសភា នាពេលឆាប់ៗ ខាងមុខ៕ ដោយ/ វ៉េង លឹមហួត