បារាំង និងអូស្ត្រាលីនៅតែបន្តប៉ះសម្ដីគ្នាទៅវិញទៅមក ក្រោយពី AUKUS ចេញរូបរាងជិត ២ខែមក
កិច្ចព្រមព្រៀងសន្តិសុខត្រីភាគីរវាង អូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ឬហៅកាត់ថា AUKUS ត្រូវបានបង្កើតឡើងកាលពីពាក់កណ្ដាលខែកញ្ញាកន្លងទៅ។ តាមរយៈកិច្ចព្រមព្រៀងនេះ អូស្ត្រាលីនឹងទទួលបានការចែករំលែកបច្ចេកវិទ្យាយោធាពីសំណាក់ប្រទេសអំណាចសេរីទាំង ២ខាងលើ ដោយក្នុងនោះ អូស្ត្រាលីនឹងទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរផងដែរ។
ក្រោយពីកិច្ចព្រមព្រៀងនេះចេញជារូបរាងឡើង ប្រទេសចិនបានធ្វើការថ្កោលទោសទៅលើរឿងនេះ ដោយយោងលើមូលហេតុថាប្រទេសលោកខាងលិចកំពុងតែចង់ប្រែក្លាយតំបន់អាស៊ី-ប៉ាស៊ីហ្វិក ទៅជាតំបន់មួយមានការប្រកួតប្រជែងសព្វាវុធ។ ហើយនេះមិនមែនជារឿងដ៏គួរអោយភ្ញាក់ផ្អើលនោះទេ ស្របពេលដែលក្នុងពេលបច្ចុប្បន្ននេះ សណ្ដាប់ធ្នាប់តំបន់កំពុងតែស្ថិតក្រោមការប្រទាញប្រទង់រវាងមហាយក្សចិន និងមហាអំណាចសហរដ្ឋអាមេរិក។
យ៉ាងណាមិញ អ្វីដែលពិភពលោកគួរឱ្យភ្ញាក់ផ្អើលនោះគឺ បារាំងសម្ដែងការកើតទុក្ខមិនសុខចិត្តចំពោះការបង្កើត AUKUS នេះ។ ក្រោយកិច្ចព្រមព្រៀងនេះចេញភ្លាមៗ បារាំងបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនចេញពីរដ្ឋធានីកង់បេរ៉ា និងរដ្ឋធានីវ៉ាស៊ីនតោន។ នេះក៏ព្រោះតែបារាំងចាត់ទុក អូស្ត្រាលីថា ហែកកិច្ចព្រមព្រៀងសាងសង់នាវាមុជទឹកដើរដោយសាំងម៉ាស៊ូតរបស់ខ្លួន ដែលមានតម្លៃប្រមាណ ៩០ប៊ីលានដុល្លារអាមេរិក ដោយមិនបានផ្ដល់ដំណឹងទុកជាមុន។
រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian នៅពេលនោះយល់ថា ការបង្កើត AUKUS ជាការ «ចាក់ពីក្រោយខ្នង» បារាំង។
ក្រោយមកអាមេរិក បានចូលសម្របសម្រួលស្ថានការណ៍នេះ ក្រោយពីលោកប្រធានាធិបតី ចូ បៃដិន បាននិយាយទូរស័ព្ទជាមួយ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។ លោកទូតបារាំងបានត្រលប់ទៅប៉ុស្តិ៍របស់ខ្លួនវិញនៅអាមេរិក និងអូស្ត្រាលី ហើយស្ថានភាពនេះក៏បានធូរស្បើយមួយរយៈ។
យ៉ាងណាមិញ រឿងថ្នាំងថ្នាក់ចិត្តរបស់បារាំងចំពោះអូស្ត្រាលីបានរើឡើងវិញ អំឡុងពេលទ្វីបអឺរ៉ុបបានរៀបចំកិច្ចប្រជុំធំៗលំដាប់ពិភពលោក ដោយក្នុងនោះមានដូចជា កិច្ចប្រជុំប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង ២០ ឬ G-20 ដែលធ្វើនៅអ៊ីតាលី និងកិច្ចប្រជុំអាកាសធាតុ COP26 ដែលធ្វើនៅស្កុតឡែន ចក្រភពអង់គ្លេស។ ទាំងលោក ម៉ាក្រុង និងលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន ក៏អញ្ជើញទៅប្រជុំនៅទីនោះដែរ។
កាលពីថ្ងៃអាទិត្យកន្លងទៅ ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី នៅពេលដែលអ្នកកាសែតចាក់សួរច្រើនដងពេក លោក ម៉ាក្រុងក៏ដាច់ចិត្តទម្លាយអារម្មណ៍ក្នុងចិត្តថា លោក ម៉ូរីសុន បានធ្វើការកុហករូបលោក ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនាវាមុជទឹក។
មិនដល់ ២៤ម៉ោងផង អ្នកនៅអូស្ត្រាលីបានទម្លាយសារឯកជន រវាងលោក ម៉ាក្រុង និងលោក ម៉ូរីសុន ពាក់ព័ន្ធនឹងរឿងនាវាមុជទឹក។
សារព័ត៌មាន The Daily Telegraphy អូស្ត្រាលីបានចុះផ្សាយនៅថ្ងៃច័ន្ទថា ក្នុងរយៈពេល ២ថ្ងៃមុនពេលដែល AUKUS ត្រូវបានប្រកាសនៅលើកញ្ចក់ទូរទស្សន៍ លោក ម៉ាក្រុង បានផ្ញើសារផ្ទាល់ខ្លួនទៅកាន់លោក ម៉ូរីសុនថា៖ «តើខ្ញុំគួរតែរំពឹងទុកដំណឹងល្អ ឬ ដំណឹងអាក្រក់ចំពោះមហិច្ឆតានាវាមុជទឹករួមគ្នារបស់យើង?»។
ស្របពេលដែលឆាកល្ខោនជម្លោះការទូតរវាងបារាំង និងអូស្ត្រាលីបានកម្រើកឡើងវិញ លោក ម៉ូរីសុន បានបកស្រាយពន្យល់ពីរឿងទាំងអស់នេះ អំឡុងពេលនិយាយជាមួយអ្នកកាសែតនៅឯស្កុតឡែន។
«ខ្ញុំមិនចាប់អារម្មណ៍យករឿងនេះមកដាក់ខ្លួននោះទេ តែខ្ញុំគិតថា វានឹងល្អ ប្រសិនបើខ្ញុំផ្ដល់នូវសាវតាររឿងនេះបានខ្លះ។ កុងត្រានាវាមុជទឹក [ជាមួយបារាំង] ជាការសម្រេចចិត្តវិនិយោគ ៥ឆ្នាំមុនឯណោះ។ នៅពេលនោះ ប្រសិនបើមើលទៅលើបរិបទយុទ្ធសាស្ត្រ ពេលវេលា និងបច្ចេកវិទ្យា ដែលមានសម្រាប់អូស្ត្រាលី កិច្ចព្រមព្រៀងនេះជាជម្រើសដ៏ត្រឹមត្រូវមួយ»។ នេះជាការលើកឡើងរបស់លោក ម៉ូរីសុន។
នាយករដ្ឋមន្ត្រីអូស្ត្រាលីរូបនេះបន្តថា៖ «តែនៅពេលនេះ បរិយាកាសយុទ្ធសាស្ត្រនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមានការប្រែប្រួលខ្លាំងណាស់ ដែលការប្រែប្រួលនេះបានផ្លាស់ប្ដូរយុទ្ធសាស្ត្រទាំងស្រុង។ នាវាមុជទឹក [របស់បារាំង] មិនមែនជាអ្វីដែលអូស្ត្រាលីត្រូវការនោះទេ»។
ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូតបារាំងប្រចាំអូស្ត្រាលីលោក Jean-Pierre Thebault បាននិយាយកាលពីថ្ងៃពុធនៅក្នុងក្លឹបអ្នកកាសែតអូស្ត្រាលីថា ការទម្លាយសារឯកជនរបស់ប្រធានាធិបតីបារាំង ទៅកាន់នាយករដ្ឋមន្ត្រីអូស្ត្រាលី ជាទង្វើមួយដែលបង្កជាការព្រួយបារម្ភក្នុងការចរចាជាមួយអូស្ត្រាលីនៅពេលក្រោយៗទៀត។
លោក Thebault បានលើកឡើងថា៖ «ការធ្វើបែបនេះបញ្ជូនជាសញ្ញាណព្រួយបារម្ភទៅកាន់ប្រមុខរដ្ឋគ្រប់គ្នាថា៖ ប្រុងប្រយ័ត្ន នៅអូស្ត្រាលី នឹងមានការទម្លាយសារឯកជន»។
ពាក់ព័ន្ធនឹងរឿងនេះដែរ លោក ប្រធានាធិបតីអាមេរិក ចូ បៃដិន បាននិយាយកាលពីសប្ដាហ៍មុនថា ការរៀបចំកិច្ចព្រមព្រៀង AUKUS ជារឿងខ្ជីខ្ជាមួយ ដោយសារតែលោកដំបូងឡើយគិតថា បារាំងបានជ្រាបច្បាស់ពីការរំសាយកិច្ចសន្យា មុនពេលដែល AUKUS ត្រូវបានប្រកាស៕

ប្រភព៖ SCMP