កំណើនផលិតភាព ជាមធ្យោបាយសម្រាប់ការដំឡើងប្រាក់ឈ្នួល ឱ្យកម្មករ និយោជិត និងការទ្រទ្រង់កំណើនសេដ្ឋកិច្ច

ភ្នំពេញ៖ កំណើនផលិតភាព ដើរតួនាទីយ៉ាងសំខាន់ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច នៃប្រទេសមួយ ដោយផ្តល់លទ្ធភាពឱ្យសេដ្ឋកិច្ចជាតិ នៃប្រទេសនោះ អាចផលិតបានផលិតផល ដែលមានតម្លៃបន្ថែមកាន់តែច្រើន ខណៈពេលដែលការប្រើប្រាស់ធនធាន កាន់តែមានប្រសិទ្ធភាព រួមចំណែកដល់ការបង្កើនភាពប្រកួតប្រជែង របស់ប្រទេ-ស។ កំណើនផលិតភាព ក៏ជាមធ្យោបាយសម្រាប់សេដ្ឋកិច្ចជាតិមួយ ក្នុងការដំឡើងប្រាក់ឈ្នួល ឱ្យប្រជាពលរដ្ឋរបស់ខ្លួន ប្រកបដោយចីរភាព។

ឯកឧត្តមបណ្ឌិត ពេជ សោភ័ន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងដូច្នេះ នៅក្នុងសិក្ខាសាលាស្តីពី «ការរក្សាផលិតភាពក្នុងអំឡុងពេលកូវីដ-១៩» នៃពិព័រណ៍ការងារ និងផលិតភាពជាតិអនឡាញ ឆ្នាំ២០២១ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូអនឡាញ ដោយមានអ្នកចូលរួម នៅក្នុងសិក្ខាសាលានេះ ប្រមាណជាង៤០០នាក់ និងអ្នកទស្សនាការផ្សាយបន្តផ្ទាល់ លើទំព័រហ្វេសប៊ុករាប់រយនាក់ផងដែរ។ ឯកឧត្តមបានគូសបញ្ជាក់ថា សិក្ខាសាលាស្តីពី «ការរក្សាផលិតភាពក្នុងអំឡុងពេលកូវីដ» គឺជាការរៀបចំប្រកបដោយគោលដៅ និងក្តីរំពឹងជាក់លាក់ ក្នុងការចូលរួមចំណែកផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង, រួមគ្នាដោះស្រាយបញ្ហាចំពោះមុខ, ជំរុញស្មារតី និងកែប្រែផ្នត់គំនិត, ស្រូបយកបច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីអនុវត្តដោយជោគជ័យ, ត្រៀមទប់ទល់ និងសម្របខ្លួន ទៅនឹងកត្តាហានិភ័យដែលបន្តអូសបន្លាយ, ជ្រើសរើសនូវវិធីសាស្ត្រថ្មី ដែលអាចប្រតិបត្តិស្របតាមបរិបទ នៃគន្លងការងារថ្មី, រួមគ្នាថែរក្សា និងជំរុញកំណើនផលិតភាព ដែលជាឆ្អឹងខ្នងក្នុងការទ្រងទ្រង់ ខ្សែច្រវ៉ាក់ផលិតកម្ម និងកំណើនសេដ្ឋកិច្ច ទាំងក្នុងអំឡុងពេល និងក្រោយពេលកូវីដ។

កំណើនផលិតភាព នឹងជួយពង្រឹងភាពប្រកួតប្រជែង ព្រមទាំងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ នៅក្នុងល្បឿនលឿន និងជំរុញជីវភាពកាន់តែល្អប្រសើរ ដើម្បីធានាចីរភាពកំណើន និងការបង្កើតការងារកាន់តែល្អគ្រប់គ្រាន់ សម្រាប់ប្រជាជន តាមរយៈការរៀនពីការអនុវត្តជោគជ័យ និងបច្ចេកវិទ្យាថ្មីៗ ពីប្រទេសអភិវឌ្ឍន៍ ព្រមទាំងរៀនហើយ រៀនទៀត និងរៀនពីគ្នាទៅវិញ ទៅមក និងការបណ្តុះឡើងនូវផ្នត់គំនិត អំពីផលិតភាពក្នុងចំណោមប្រជាជនកម្ពុជាទាំងមូល ជាពិសេស ក្នុងចំណោមកម្មករ និយោជិត យុវជន សិស្ស-និស្សិត ព្រមទាំងជំរុញឱ្យមានការផ្លាស់ប្តូរផ្នត់គំនិត របស់និយោជក ពីការចាត់ទុក “កម្មករនិយោជិត” គ្រាន់តែជាធនធាន ដូចជាធនធានផលិតកម្មដទៃទៀត ទៅជាការចាត់ទុកថាជា “មូលធន” ដែលត្រូវការចាំបាច់ក្នុ ងការធ្វើការវិនិយោគជាប្រចាំ ដើម្បីលើកកម្ពស់ និងពង្រីកជំនាញ ឱ្យមានសមត្ថភាពប្រកួតប្រជែង និងឆ្លើយតបបានទៅនឹងការប្រែប្រួលគ្រប់កាលៈទេសៈ។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានបន្ថែមថា សម្រាប់កម្ពុជា ដំណើរការរីកចម្រើនយ៉ាងឆាប់រហ័ស នូវបច្ចេកវិទ្យានិងនវានុវត្តន៍ថ្មីៗ នៃបដិវត្តន៍ឧស្សាហកម្មទី៤ កំពុងបង្កើតចេញជាបញ្ហាប្រឈមថ្មី តាមរយៈការផ្លាស់ប្តូរចរិតលក្ខណៈនៃដំណើរការធុរកិច្ច, របៀបរបបរស់នៅ, ការរៀបចំ និងការប្រព្រឹត្តិទៅនៃការធ្វើការងារ និងតម្រូវការជំនាញគ្រប់ប្រភេទ ដែលជាការបង្អាក់រំខាន ដល់អ្វីដែលយើងធ្លាប់ចេះដឹងច្បាស់ពីមុន។ លើសពីនេះ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏កំពុងបង្កបញ្ហាប្រឈម, ការប្រែប្រួល និងហានិភ័យក្នុងទីផ្សារការងារ ដែលមិនធ្លាប់ជួបប្រទះពីមុន ជាពិសេស ប៉ះពាល់ដល់សកម្មភាពអាជីវកម្ម ឬធុរកិច្ច, ប្រាក់ចំណូល, ការស្វែងរកការងារ និងកំណើនសេដ្ឋកិច្ចនៃប្រទេសយើង។

ឆ្លងតាមរយៈបទពិសោធន៍ នៃបដិវត្តន៍ឧស្សាហកម្មទី៤ និងបញ្ហាប្រឈម នៃការរីករាលដាលជំងឺកូវីដ-១៩ បាន និងកំពុងផ្តល់នូវទស្សនាទានថ្មីមួយទៀត សម្រាប់ទីផ្សារការងារ ដែលតាមរយៈការស្រាវជ្រាវ បានបង្ហាញថា ភាពខុសគ្នារវាងសហគ្រាស គ្រឹះស្ថាន ដែលអាចបន្តរក្សាផលិតភាព និងសហគ្រាស គ្រឹះស្ថាន ដែលមិនសូវមានផលិតភាព គឺពាក់ព័ន្ធនឹងការគ្រប់គ្រងលើកត្តា៖ ពេលវេលា, ជំនាញ ឬគុណវុឌ្ឍិ និងកម្លាំង ឬថាមពល របស់កម្លាំងពលកម្ម ទាំងមុនពេល និងអំឡុងពេលជួបប្រឈម នៃជំងឺកូវីដ ១៩ ។ សិក្ខាសាលានេះ ត្រូវបានចែករំលែកបទពិសោធន៍ ចំណេះដឹង និងការអនុវត្តល្អៗ ពីសំណាក់វាគ្មិនល្បីៗ ទាំងក្នុងស្ថាប័នរដ្ឋ និងឯកជនផងដែរ ៕ដោយ/ វ៉េង លឹមហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner