លោក ចូ បៃដិន កំពុងវាយតម្លៃពីតុល្យភាពរវាងការគំរាមកំហែង និងការផ្តល់សម្បទាន ដើម្បីបញ្ចុះបញ្ចូលអ៊ីរ៉ង់ត្រឡប់មកអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរវិញ

វ៉ាស៊ីនតោន៖ ស្របពេលដែលកិច្ចចរចានុយក្លេអ៊ែរនឹងចាប់ផ្ដើមឡើងវិញនៅក្នុងខែវិច្ឆិកានេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងធ្វើការវាយតម្លៃពីតុល្យភាពរវាងការគំរាមកំហែង និងការផ្ដល់សម្បទានដើម្បីបញ្ចុះបញ្ចូលឱ្យអ៊ីរ៉ង់ត្រឡប់មកអនុវត្តនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។

រដ្ឋបាលរបស់លោក ចូ បៃដិន បានយល់ព្រមចូលរួមក្នុងកិច្ចប្រជុំដោយប្រយោលជាមួយអ៊ីរ៉ង់ក្នុងទីក្រុងវីយែ្យន ក្នុងគោលបំណងស្ដារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ដែលអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញ។ ចំនែកឯអ៊ីរ៉ង់ក៏បានយល់ព្រមបើកកិច្ចចរចាជាថ្មីជាមួយមហាអំណាចលោកខាងលិចនៅឯទីក្រុងវីយ្យែន ប្រទេសអូទ្រីស នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ បន្ទាប់ពីពួកគេបានចំណាយពេលអស់ ៥ខែមកហើយ ក្នុងការសង្រ្គោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលបានដាក់កំហិតលើការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់ទីក្រុងតេហេរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច។

តែទោះបីជាយ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ ប្រទេសអ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថា នៅតែបន្តបង្កើនចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមលើសពីអ្វីដែលបានកំណត់នៅក្រោមកិច្ចព្រមព្រៀង ខណៈបណ្ដាប្រទេសលោកខាងលិចមួយចំនួនដែលគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ក៏បានព្រមានទីក្រុងតេហេរ៉ង់ដែរថា កិច្ចព្រមព្រៀងនេះ នឹងប្រែជាគ្មានតម្លៃអ្វីទាំងអស់ ប្រសិនបើអ៊ីរ៉ង់នៅតែបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner