លោក ស៊ី ជិនពីង៖ ចិននឹងគាំពារផលប្រយោជន៍រួមរបស់ពិភពលោកយ៉ាងដាច់ខាតមិនងាករេ
ប៉េកាំង៖ប្រធានាធិបតីចិន និងជាប្រធានរដ្ឋចិនលោក ស៊ី ជិនពីង ថ្លែងថា ប្រទេសរបស់លោកនឹងបង្កើតបន្ថែមតំបន់គំរូ ខាងការជំរុញពាណិជ្ជកម្មការនាំចូល និងបង្កើនការនាំចូលពីប្រទេសជិតខាង។ ប្រទេសចិននឹងគាំពារផលប្រយោជន៍រួមរបស់ពិភពលោកយ៉ាងដាច់ខាតមិនងាករេ។
ការអះអាងបែបនេះរបស់លោក ស៊ី ត្រូវបានធ្វើឡើងអំឡុងពេលអញ្ជើញចូលរួមពិធីសម្ពោធបើកពិព័រណ៍នាំចូលចិន-អន្តរជាតិលើកទី៤ (CIIE) ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូ។នាឱកាសនោះដែរ លោក ស៊ី បន្ថែមថា ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបើកទូលាយនិងចែករំលែកឱកាសអភិវឌ្ឍន៍ជាមួយពិភពលោក។ ចិនក៏បានសន្យាដែរថា នឹងពង្រីកការនាំចូលបន្ថែមទៀត និង បន្តការអភិវឌ្ឍន៍ពាណិជ្ជកម្មប្រកប ដោយតុល្យភាព។ ចិននឹងចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការ នៃកិច្ចសហប្រតិបត្តិការយន្តការ ដូចជាអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រទេស G20 អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក និងអង្គការសហប្រតិបត្តិការសៀងហៃ ជំរុញ និងពង្រឹងការពិគ្រោះពិភាក្សាលើបញ្ហាពាណិជ្ជកម្ម និងការវិនិយោគសេដ្ឋកិច្ចឌីជីថលបៃតង និងកាបូនទាប។
បន្ថែមលើនេះ លោក ស៊ី បានសង្កត់ធ្ងន់ទៀតថា ប្រទេសចិនក៏នឹងចូលរួមយ៉ាងសកម្មក្នុងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ គាំពារសន្តិសុខស្បៀង និងសន្តិសុខថាមពលសកល ព្រមទាំងបន្តផ្តល់ជំនួយបន្ថែមទៀតដល់ប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍៕ ប្រភព៖ CGTN និង ស៊ីនហួរ



