ក្រុមហ៊ុនអាកាសចរណ៍កំពុងត្រៀមខ្លួនសម្រាប់កំណើននៃការធ្វើដំណើរតាមផ្លូវអាកាស ក្រោយសហរដ្ឋអាមេរិកប្រកាសបើកព្រំដែនឡើងវិញចាប់ពីសប្តាហ៍នេះ
វ៉ាស៊ីនតោន៖ ការកក់ជើងហោះហើរទៅកាន់សហរដ្ឋអាមេរិកបានដំណើរការភ្លាមៗ បន្ទាប់ពីសេតវិមានប្រកាសថា ប្រទេសខ្លួននឹងបើកច្រកព្រំដែនផ្លូវគោក និងផ្លូវអាកាសឡើងវិញសម្រាប់អ្នកធ្វើដំណើរអន្តរជាតិដែលទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ពេញលេញមកពីជុំវិញពិភពលោកគិតចាប់ពីសប្តាហ៍នេះ។
ការផ្លាស់ប្តូររបស់សហរដ្ឋអាមេរិកដែលរង់ចាំជាយូរមកហើយ ដើម្បីស្វាគមន៍អ្នកធ្វើដំណើរអន្តរជាតិត្រឡប់មកវិញនេះ នឹងចូលជាធរមាននៅថ្ងៃទី០៨ ខែវិច្ឆិកា បន្ទាប់ពីការរឹតបន្តឹងរយៈពេល ២០ខែទៅលើប្រទេសចំនួន ៣៣ ក្នុងអំឡុងពេលដ៏អាក្រក់បំផុតនៃការរាតត្បាតនៃជំងឺកូវីដ១៩ ដែលបានបំបែកគ្រួសារ រារាំងការធ្វើដំណើរអាជីវកម្ម និងធ្វើអោយភ្ញៀវទេសចរខកចិត្ត។
គួរបញ្ជាក់ផងដែរថា ការដាក់កំហិតលើការធ្វើដំណើរ ដែលត្រូវបានដាក់ចេញដោយអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅដើមឆ្នាំ២០២០ និងគាំទ្រដោយអ្នកស្នងតំណែងរបស់លោកគឺលោក ចូ បៃដិន ត្រូវបានរិះគន់យ៉ាងទូលំទូលាយ និងក្លាយជានិមិត្តរូបនៃភាពចលាចលដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩៕ ប្រភព៖ CNA



