ចំនួនអ្នកចាក់វ៉ាក់សាំង Covid-19 ដូសទី ៣ កើនដល់១០លាននាក់ ខណៈដែលអង់គ្លេសនឹងចាប់ផ្តើមប្រើប្រាស់សាកល្បងថ្នាំរបស់ Merck នៅចុងខែនេះ
ឡង់ដ៍៖ របាយការណ៍ចុងក្រោយបានបង្ហាញថា គិតមកទល់ពេលនេះ មនុស្សប្រមាណជាង ១០លាននាក់ហើយបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដូសទី ៣ ឬ ដូសជំរុញនៅក្នុងចក្រភពអង់គ្លេស ស្របពេលដែលប្រទេសអឺរ៉ុបមួយនេះនឹងចាប់ផ្តើមប្រើប្រាស់សាកល្បងថ្នាំព្យាបាលវីរុសរបស់ក្រុមហ៊ុនឱសថអាមេរិក Merck នៅចុងខែវិច្ឆិកានេះ។
កាលពីសប្តាហ៍មុន អង់គ្លេសបានក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលបានអនុម័តឲ្យប្រើប្រាស់ថ្នាំគ្រាប់ប្រឆាំងមេរោគកូវីដ១៩ បង្កើតឡើងដោយក្រុមហ៊ុន Merck & Co និង Ridgeback Biotherapeutics ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
ទន្ទឹមនេះ ប្រធានទីប្រឹក្សាវេជ្ជសាស្ត្រ នៃទីភ្នាក់ងារសន្តិសុខសុខភាពអង់គ្លេស លោក ស៊ូសាន ហ៊ប់ខីន (Susan Hopkins) បាននិយាយថា អង់គ្លេសនឹងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់សាកល្បងថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ១៩ ម៉ុលនូភីរ៉ាវៀ(molnupiravir) របស់ក្រុមហ៊ុន Merck នៅចុងខែនេះ ឬនៅដើមខែធ្នូខាងមុខ៕ ប្រភព៖ CGTN និង CNA
