នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់រួចជីវិតពីការប៉ុនប៉ងធ្វើឃាតដោយដ្រូន
បាកដាដ៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mustafa al-Kadhimi រួចជីវិតពីការប៉ុនប៉ងធ្វើឃាត បន្ទាប់ពីយន្តហោះគ្មានមនុស្សបើក(ដ្រូន)ផ្ទុកសារធាតុផ្ទុះតម្រង់គោលដៅលើលំនៅដ្ឋានរបស់លោកក្នុងរដ្ឋធានីបាកដាដកាលពីថ្ងៃអាទិត្យ ដែលបង្កើនភាពតានតឹងក្នុងប្រទេស បន្សល់ក្រោយបោះឆ្នោតជាតិកាលពីប៉ុន្មានសប្ដាហ៍មុន។

ការិយាល័យរបស់លោកនិយាយក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំក្រោយការវាយប្រហារថា៖ «ការវាយប្រហារភេរវករដ៏កំសាក ដែលកំណត់គោលដៅផ្ទះរបស់នាយករដ្ឋមន្ត្រីកាលពីយប់មិញក្នុងគោលបំណងធ្វើឃាតលោក គឺជាគោលដៅធ្ងន់ធ្ងរនៃរដ្ឋអ៊ីរ៉ាក់ដោយក្រុមប្រដាប់អាវុធឧក្រិដ្ឋជន»។
យោងតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃអ៊ីរ៉ាក់លោក Saad Maan យ៉ាងហោចណាស់សមាជិក ៦ នាក់នៃកងកម្លាំងការពាររបស់នាយករដ្ឋមន្ត្រីរងរបួសក្នុងការវាយប្រហារនេះ។ លោកថា មានតែដ្រូនប្រដាប់អាវុធពីរគ្រឿងប៉ុណ្ណោះដែលជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ងធ្វើឃាត ប៉ុន្តែដ្រូនមួយត្រូវបានយោធាអ៊ីរ៉ាក់បាញ់ទម្លាក់មុនធ្លាក់ចំណុចគោលដៅ។
គិតត្រឹមថ្ងៃព្រឹកថ្ងៃចន្ទ មិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារកាលពីថ្ងៃអាទិត្យទេ ប៉ុន្តែលោក Al-Kadhimi និយាយថា អ្នកដែលនៅពីក្រោយការប៉ុនប៉ងលើជីវិតរបស់លោកត្រូវបានគេស្គាល់យ៉ាងច្បាស់ ហើយនឹងត្រូវគេលាតត្រដាងមុខ។
ការវាយប្រហារកើតឡើងពីរថ្ងៃប៉ុណ្ណេះ ក្រោយមានការធ្វើបាតុកម្មតវ៉ាដែលសម្លាប់យ៉ាងហោចណាស់បាតុករម្នាក់ក្នុងរដ្ឋធានីបាកដាដ ជុំវិញលទ្ធផលនៃការបោះឆ្នោតជាតិដែលធ្វើឡើងកាលពីខែតុលា។ ក្រុមដែលដឹកនាំការតវ៉ាគឺជាកងជីវពលប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ ដែលបាត់បង់អំណាចសភារបស់ខ្លួនក្រោយការបោះឆ្នោត។ ក្រុមនេះចោទប្រកាន់ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតថា មានមិនប្រក្រតី។
អ្នកស្រី Randa Slim នាយកនៃដំណោះស្រាយជម្លោះ និងតាមដានកម្មវិធីសន្ទនាពីរនៅវិទ្យាស្ថានមជ្ឈិមបូព៌ានិយាយថា ការវាយប្រហារកាលពីថ្ងៃអាទិត្យ មិនមែនគ្រាន់តែជាការវាយប្រហារលើលោក Al-Kadhimi ប៉ុណ្ណោះទេ តែវាគឺជាការវាយប្រហារប្រឆាំងនឹងវណ្ណៈនយោបាយផងដែរ។
អ្នកស្រីថា កងជីវពលស្តីបន្ទោសលោក Al-Kadhimi ចំពោះការស្លាប់របស់បាតុករកាលពីថ្ងៃសុក្រ ធ្វើឱ្យទំនាក់ទំនងរវាងលោកនាយករដ្ឋមន្រ្តីរូបនេះ និងកងជីវពលដែលមានភាពតានតឹងអស់រយៈពេលជាយូរមកហើយនោះ កាន់តែឡើងកម្ដៅថែមទៀត។