បន្ទាប់ពីបាត់មួយរយៈ មហាសេដ្ឋីចិនជែក ម៉ាផ្លាស់ប្ដូរពីពាណិជ្ជកម្មអេឡិចត្រូនិក ទៅកសិកម្មវិញ
យក្សក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក មហាសេដ្ឋីបច្ចេកវិទ្យាអ៊ីនធឺណិត មហាសេដ្ឋីជំនួញ ទាំងនេះគឺជាងារដែលគេតែងតែប្រើប្រាស់ដើម្បីពិពណ៌នាអំពីស្ថាបនិកក្រុមហ៊ុនអាលីបាបា (Alibaba) លោកជែក ម៉ា។ ប៉ុន្តែងារទាំងនេះគឺកំពុងរសាត់បន្តិចម្ដងៗ ខណៈពេលដែលលោកម៉ាហាក់បីដូចជាកំពុងផ្លាស់ប្ដូរការផ្ដោតអារម្មណ៍ពីពិភពអ៊ីនធឺណិត មកកសិកម្មវិញ។

បន្ទាប់ពីលោកម៉ាបានធ្វើការរិះគន់ក្របខណ្ឌបទប្បញ្ញត្តិរបស់ប្រទេសចិននៅឯកិច្ចប្រជុំកំពូលមួយក្នុងក្រុងសៀងហែ កាលពីខែតុលាឆ្នាំមុន អាណាចក្រអាជីវកម្មរបស់លោកត្រូវបាននិយតករចិនធ្វើការពិនិត្យយ៉ាងដិតដល់ ហើយការផ្ដល់ជូនភាគហ៊ុនជាសាធារណៈដំបូង (IPO) ជាង ៣៧ ពាន់លានដុល្លារនៃក្រុមហ៊ុនទូទាត់ប្រាក់ Ant Group របស់លោកគឺត្រូវបានបញ្ឈប់។
ពេលនោះ លោកម៉ា ដែលជាធម្មតាចូលចិត្តទាក់ទាញអារម្មណ៍សាធារណ បានរសាត់ពីភ្នែករបស់សាធារណជន ហើយមនុស្សមួយចំនួនបានគិតថាលោកម៉ាត្រូវបានអាជ្ញាធរយកទៅ «លាក់ខ្លួន»។ ប៉ុន្តែនៅពាក់កណ្ដាលខែមករាឆ្នាំនេះ បន្ទាប់ពីបាត់ខ្លួនជាងពីរខែ លោកម៉ាបានបង្ហាញខ្លួនជាសាធារណសារជាថ្មី ក្នុងការថ្លែងសុន្ទរកថាទៅកាន់គ្រូបង្រៀន១០០ នាក់នៅតំបន់ដាចស្រយាលនៃប្រទេសចិន។
ក្នុងសុន្ទរកថានោះលោកម៉ានិយាយថា៖ «ក្នុងអំឡុងពេលនេះ មិត្តរួមការងាររបស់ខ្ញុំ និងខ្ញុំបានសិក្សា និងគិតគូរ ហើយយើងថែមទាំងបានលះបង់ខ្លួនយើងយ៉ាងខ្លាំងចំពោះគំនិតនៃសប្បុរសធម៌ចំពោះការអប់រំ។ មិនមែនដោយសារតែខ្ញុំធ្លាប់ជាគ្រូបង្រៀនទេ តែសំខាន់ជាងនេះទៅទៀតគឺដោយសារការអប់រំជារឿងសំខាន់ ជាពិសេសការអប់រំនៅជនបទ»។
លោកបន្តទៀតថា៖ «សព្វថ្ងៃនេះ ប្រទេសចិនបានលុបបំបាត់ភាពក្រីក្រ និងកំពុងជំរុញយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទរបស់ខ្លួន ហើយឈានចូលដំណាក់កាលថ្មីមួយនៃវិបុលភាពរួម។ ការគាំទ្រ និងបម្រើគ្រូបង្រៀននៅតាមជនបទ ការបំពេញបន្ថែមក្រសួងអប់រំក្នុងការអភិវឌ្ឍវិស័យអប់រំជនបទ ការធ្វើការឆ្ពោះទៅរកភាពរស់រវើករបស់ភូមិឃុំ និងការសម្រេចបាននូវវិបុលភាពរួម ខ្ញុំគិតថាទាំងនេះជាទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់ម្ចាស់អាជីវកម្មជំនាន់នេះ»។
អ្នកវិភាគមួយចំនួន គិតថាសំដីរបស់លោកម៉ានៅពេលដែលលោកបង្ហាញខ្លួនវិញ បានបង្ហាញថាលោកនឹងផ្ដោតអារម្មណ៍បន្ថែមទៀតទៅលើសកម្មភាពសប្បុរសធម៌ ហើយឆ្លុះបញ្ចាំងទៅនឹងការចុះចាញ់ទៅនឹងសម្ពាធពីរដ្ឋាភិបាលក្រុងប៉េកាំង ដែលថ្មីៗនេះបានជំរុញឱ្យក្រុមមហាសេដ្ឋីចិនជួយរួមចំណែកក្នុងការលុបបំបាត់ភាពក្រីក្រ ធ្វើឱ្យតំបន់ជនបទមានភាពរស់រវើកឡើងវិញ និងវិបុលភាពរួម។
កាលពីដើមខែកញ្ញា លោកម៉ា បានផ្ដើមធ្វើសកម្មភាពធំៗមួយចំនួនដោយសកម្មភាពដំបូងគេគឺដំណើរទស្សនកិច្ចទៅកសិដ្ឋានមួយនៅខេត្តជឺជាំងកាលពីថ្ងៃ ១ កញ្ញា។
មួយថ្ងៃក្រោយមក ក្រុមហ៊ុនអាលីបាបាបានប្រកាសប្ដេជ្ញាវិនិយោគប្រាក់ ១០០ ពាន់លានយន់ (ជាង ១៥ ពាន់លានដុល្លារ) ត្រឹមឆ្នាំ ២០២៥ ដែលរួមមានការវិនិយោគបន្ថែមលើបច្ចេកវិទ្យា និងឧស្សាហូបនីយកម្មកសិកម្ម ដើម្បីបំពេញចក្ខុវិស័យនៃវិបុលភាពរួម។ សកម្មភាពទាំងនេះហាក់ដូចជាត្រូវបានតម្រឹមយ៉ាងខ្លាំងជាមួយនឹងប្រធានបទផ្លូវការរបស់ក្រុងប៉េកាំង។
បន្ទាប់មកនៅថ្ងៃទី១៩ ខែតុលា កាសែត South China Morning Post របស់ក្រុមហ៊ុនអាលីបាបាបានរាយការណ៍ថាលោកម៉ាគឺកំពុងស្ថិតនៅក្នុងប្រទេសអេស្ប៉ាញ សម្រាប់ដំណើរទស្សនកិច្ចសិក្សាផ្នែកកសិកម្ម និងបច្ចេកវិទ្យាទាក់ទងនឹងបញ្ហាបរិស្ថាន ដែលជាលើកទីមួយ ដែលលោកបានចាកចេញពីប្រទេសចិនចាប់តាំងពីខែតុលាឆ្នាំមុន។ មួយសប្ដាហ៍ក្រោយមក កាសែតនេះបានរាយការណ៍ថាលោកម៉ាបានធ្វើដំណើរទៅស្ថាប័នស្រាវជ្រាវនៅប្រទេសហូឡង់ ដើម្បីសិក្សាបច្ចេកវិទ្យាឧស្សាហកម្ម។
គេរាយការណ៍ថាលោកម៉ានឹងបន្តដំណើរនៅទ្វីបអឺរ៉ុប ដើម្បីទស្សនាក្រុមហ៊ុន និងស្ថាប័នស្រាវជ្រាវជាច្រើនទៀត ដែលពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ការបង្កាត់ពូជរុក្ខជាតិ និងការបណ្តុះបណ្ដាលជំនាញក្នុងវិស័យនេះ។ គេនិយាយថាលោកម៉ាបានជឿជាក់ថាការរួមបញ្ចូលបច្ចេកវិទ្យារបស់អាលីបាបាដូចជាការគណនាតាមអ៊ីនធឺណិត ការវិភាគទិន្នន័យធំ និងបញ្ញាសិប្បនិម្មិត នឹងបង្កើតសក្ដានុពលយ៉ាងខ្លាំងសម្រាប់ទំនើបកម្មកសិកម្មនៅក្នុងប្រទេសចិន។
បើយើងដាក់បញ្ចូលកត្តាទាំងនេះចូលគ្នា យើងអាចសន្និដ្ឋានយ៉ាងងាយថាគោលដៅអាជីពបន្ទាប់របស់លោកម៉ាគឺការធ្វើកសិកម្ម។ ក្រៅពីលោកម៉ាមហាសេដ្ឋីបច្ចេកវិទ្យាដទៃទៀតក្នុងប្រទេសចិនក៏បានធ្វើការងាកទៅរកវិស័យកសិកម្ម បន្ទាប់ពីទទួលសម្ពាធពីរដ្ឋាភិបាលចិន។
ក្នុងកំឡុងពេលនៃសម័យប្រជុំសភាប្រជាជនចិន នាយកប្រតិបត្តិក្រុមហ៊ុន Tencent លោកម៉ា ហួតេងបានជំរុញការធ្វើសមាហរណកម្មនៃបច្ចេកវិទ្យាអ៊ីនធឺណិត កសិកម្មឆ្លាតវៃ និងការជួយបណ្ដុះបណ្ដាលកសិករសម័យថ្មី។
កាលពីខែសីហាឆ្នាំមុន ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានផ្ដល់ការព្រមានអំពីសន្តិសុខស្បៀង ដោយនិយាយថាខណៈពេលដែលការផលិតស្បៀងរបស់ប្រទេសនេះដំណើរការល្អអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែមិនត្រូវភ្លេចខ្លួនទេ ហើយគួរតែមានការព្រួយបារម្ភអំពីវិបត្តិសន្តិសុខស្បៀង។
ប្រទេសចិន ដែលមានប្រជាជនជាង ១,៣ ពាន់លាននាក់ គឺជាប្រទេសត្រូវការអាហារច្រើនជាងគេក្នុងពិភពលោក។ ស្ថិតិពីឆ្នាំមុនបង្ហាញថាសមាមាត្របច្ចុប្បន្នរបស់ចិននៃការនាំចូលអាហារពីបរទេសមានប្រហែល២០ភាគរយ បើទោះបីប្រទេសចិនជាប្រទេសផលិតអាហារដ៏ធំបំផុតរបស់ពិភពលោកក៏ដោយ។ ខណៈពេលដែលជម្លោះពាណិជ្ជកម្មចិន-អាមេរិកនៅមិនទាន់ដោះស្រាយរួច ធ្វើឱ្យមានការព្រួយបារម្ភថានៅពេលដែលស្ថានការណ៍ខាងក្រៅកាន់តែអាក្រក់ ការផ្គត់ផ្គង់អាហារទៅប្រទេសចិននឹងត្រូវបិទមុនគេ។
ដូច្នេះ ប្រសិនបើក្រុមហ៊ុនឯកជនរបស់ចិន ដែលកាន់កាប់បច្ចេកវិទ្យាទំនើបៗ និងមូលនិធិវិនិយោគធំៗ ធ្វើការវិនិយោគក្នុងវិស័យកសិកម្ម នោះដល់កម្រិតមួយពួកគេនឹងជួយបន្ធូរបន្ថយហានិភ័យនៃវិបត្តិសន្តិសុខស្បៀង៕