នគរបាលព្រហ្មទណ្ឌកំរិតស្រាល បង្ហាញមុខជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណីធាក់ប្លន់ និងប្រើដាវកាប់យកម៉ូតូ ដែលបានធ្វើសកម្មភាព៣ករណីផ្សេងគ្នា

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ ជនសង្ស័យចំនួន ៦នាក់ ដែលធ្វើសកម្មភាព ធាក់ម៉ូតូផ្តួលរួចយកកំបិត និងដាវកាប់ប្លន់យកម៉ូតូក្នុង៣ករណីផ្សេងគ្នា ត្រូវបាននគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ និងបង្ហាញមុខជាសាធារណះ កាលពីរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ មុននឹងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។

ជនសង្ស័យលួចមានស្ថានទង្ងន់ទោស ដោយការប្រព្រឹត្តអំពើហឹង្សារូបនោះ ត្រូវបាននគរបាល បានឱ្យដឹងថា ១ឈ្មោះ ឌឹម ប៉េងអ៊ី អាយុ ១៨ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ២ឈ្មោះ អាន សត្យា ហៅយ៉ា អាយុ ១៨ឆ្នាំ ជាជាងម៉ាស៊ីនត្រជាក់ ៣ឈ្មោះ សេង បូរី អាយុ ១៨ឆ្នាំ ជាសិស្ស ៤ឈ្មោះ គឹម សុខសានបញ្ញាអាយុ ១៨ឆ្នាំ ជាសិស្ស ៥ឈ្មោះ ឡាយ ស្រីមានហៅទីអាយុ ១៧ឆ្នាំ ជាអ្នកលក់អីវ៉ាន់តាមអនឡាញ និង៦ឈ្មោះហ៊ួន ស៊ិញ អាយុ ៣៣ឆ្នាំ ជាគ្រូបង្រៀន មានលំនៅឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរខេត្តព្រៃវែង។

បើតាមនគរបាល បានឱ្យដឹងថា ជនសង្ស័យទាំង៦នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវហើយ ឈានទៅឃាត់ខ្លួន បានជាបន្តបន្ទាប់កាលពីថ្ងៃទី០៥ ០៦ និងទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីធ្វើសកម្មភាពលួចមានស្ថានទង្ងន់ទោស ដោយការប្រព្រឹត្តអំពើហឹង្សា (ធាក់ម៉ូតូផ្តួលរួចយកកំបិតនិងដាវកាប់ប្លន់យកម៉ូតូ) ក្នុង៣ករណីផ្សេងគ្នា។ នៅក្នុងការឃាត់ខ្លួននគរបាលក៏បានសហការណ៍ ជាមួយអធិការដ្ឋាននគរបាលខណ្ឌដង្កោ ខណ្ឌដូនពេញ និងអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ នៃស្នងការនគរបាលខេត្តព្រៃវែងផងដែរ។

តាមនគរបាល បានឱ្យដឹងទៀត ជនសង្ស័យ ដែលជាមុខសញ្ញាធាក់ប្លន់យកម៉ូតូយ៉ាងសកម្មចំនួន៣ករណីផ្សេងគ្នា ១ប្រព្រឹត្តិនៅចំណុចផ្លូវបេតុង ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីវេលាម៉ោងប្រមាណ៤ និង៣០នាទី ថ្ងៃទី០១ខែវិច្ឆិកា ឆ្នាំ២០២១ ធាក់និងកាប់ប្លន់យកម៉ូតូម៉ាកហុងដាឌ្រីមសេរី២០១៨ ពាក់ស្លាកលេខ ភ្នំពេញ ១GW.៩៥២៧,ករណីទី២ ថ្ងៃទីនៅចំណុច ភូមិ ព្រៃវែងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ កាលពីវេលាម៉ោងប្រមាណ៥ទៀបភ្លឺ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ និងលើកទី៣ កាប់ប្លន់យកម៉ូតូកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បន្ទាប់ពីធ្វើការឃាត់ខ្លួន នគរបាលដកហូតបានម៉ូតូជនរងគ្រោះ និងម៉ូតូដែលជិះធ្វើសកម្មភាពចំនួន៥គ្រឿង ព្រមទាំងស្លាកលេខម៉ូតូមួយចំនួនទៀតផងដែរ៕ ឆៃហួត និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner