រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី បញ្ជាក់អំពីការផ្តល់វ៉ាក់សាំងជាង៣លានដូសដល់កម្ពុជា
ភ្នំពេញៈលោកជំទាវ ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្ដីកិច្ចការនារីអូស្រ្ដាលី បានបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលីបានសម្រេចបញ្ជូនឱ្យកម្ពុជានូវវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន៣លាន២សែន៥ម៉ឺនដូស ដោយក្នុងនោះ ១លានដូសនឹងត្រូវជូនមកកម្ពុជាមុនដំណាច់ឆ្នាំនេះ។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានសន្តិភាព។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានអរគុណអូស្ត្រាលីចំពោះការផ្ដល់វ៉ាក់សាំងដល់កម្ពុជានៅពេលខាងមុខហើយបានមានប្រសាសន៍ថា សម្ដេចមានសុទិដ្ឋិនិយមក្នុងការបើកប្រទេសឱ្យប្រជាពលរដ្ឋបានរស់នៅតាមបែបគន្លងថ្មី។ ក្នុងក្របខ័ណ្ឌអាស៊ាន សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សង្ឃឹមថា អូស្ត្រាលីនឹងចូលរួមជាមួយបណ្ដាប្រទេសអាស៊ានដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីឈានឆ្ពោះទៅកាន់ការតភ្ជាប់អាស៊ានឡើងវិញបន្ទាប់ពីមានការកាត់ផ្ដាច់ដោយកូវីដ-១៩៕
ដោយៈពលជ័យ



