ម្ដាយនិងកូន២នាក់ដែលរងគ្រោះក្នុងហេតុការណ៍បាក់រលំអគារនៅខេត្តកែប ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យលោកសង្ឃ, ព្រមទាំងមានការយកចិត្តទុកដាក់ពីសម្ដេចតេជោ ផងដែរ
(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជនរងគ្រោះ ២នាក់ម្តាយកូន ដែលរងគ្រោះក្នុងការបាក់រលំអគារនៅខេត្តកែបហើយកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ មន្ត្រីអាជ្ញាធរក្នុងរាជធានីភ្នំពេញ ជំនួសលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកថវិការមួយចំនួនមកប្រគល់ឲ្យជនរងគ្រោះ និងមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យផងដែរ ។
ជនរងគ្រោះដែលត្រូវបានបញ្ចូនមកសម្រាកពន្យាបាលនៅមន្ទ្រីពេទ្យព្រះកុសុមៈ មានឈ្មោះ ជុំ អន ហៅអូន អាយុន៣៥ឆ្នាំ និងកូនប្រុសឈ្មោះ សាយ ចិត្ត អាយុ១៥ឆ្នាំ បាននិងកំពុងសម្រាកព្យាបាល ដោយម្តាយរងរបួស បាក់ឆ្អឹងកំភួនដៃស្តាំ និងឆ្អឹងដើមដៃឆ្វេង។ រីឯ កូនរងរបួសស្រាល ក្រោយពីជនរងគ្រោះទាំង២រូបនេះ បានរងរបួសយ៉ាងធ្ងន់ និងស្រាលក្រោយពីបាក់រលំអាគារ កម្ពស់៦ជាន់ នៅទីក្រុងកែប។
ក្នុងឱកាសនោះពួកគាត់ទាំង២នាក់ ម្តាយ កូន បានថ្លែងអំណរគុណជាអនេកចំពោះ ការឧបត្ថម្ភថវិការបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
គួរជម្រាបថា រហូតមកដល់ពេលនេះ ជនរងគ្រោះ ២៧នាក់ត្រូវបានរកឃើញ ដោយមានស្លាប់ និងរបួសមួយចំនួន ខណៈក្រុមការងារសង្រ្គោះបន្ទាន់ កំពុងបន្តប្រតិបត្តិការគាស់រំលើងផ្ទាំងបេតុង កាត់សសៃដែករុករកជនរងគ្រោះបន្តទៀត។
សូមបញ្ជាក់ផងដែរថា អគារធ្វើពីស៊ីម៉ង់បេតុងសរសៃដែកកម្ពស់៦ជាន់ថ្មីនេះ បានបាក់រលំនៅម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ២០ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់ជាប់នៅក្នុងនេះបាក់រលំ។ ហើយអគារខាងលើនេះ ត្រូវបានសាងសង់រួចរាល់ប្រមាណជា៩០% ហើយដែលបានបាក់រលំនៅពេលដែលចាក់ប្លង់សេជាន់លើបង្អស់។
ក្នុងប្រតិបត្តិការរុករកជនរងគ្រោះ មានការចូលរួមដោយកម្លាំងចម្រុះ ដែលក្នុងនោះមាន អាជ្ញាធរជាតិ និងថ្នាក់ខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ ក្រុមអ្នកស្ម័គ្រចិត្តជាច្រើនរូប ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងតែម្ដង៕

