សម្តេចវិបុលសេនាភក្តី សាយ ឈុំផ្ញើសាររំលែកទុក្ខជូនចំពោះក្រុមគ្រួសារជនរងគ្រោះនៃការបាក់អគារនៅខេត្តកែប

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញៈ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ នេះ បានផ្ញើសាររំលែកទុក្ខជូនចំពោះក្រុមគ្រួសារ និងសាច់ញាតិជនរងគ្រោះទាំងអស់ក្នុងសោកនាដកម្មរលំអគារក្នុងខេត្តកែប កាលពីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។
នៅក្នុងសារលិខិតរំលែកទុក្ខរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានឲ្យដឹងថា ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា និងមន្ត្រីរាជការទាំងអស់ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងខ្លួនសម្តេចផ្ទាល់ មានសេចក្តីក្រៀមក្រំបំផុតចំពោះឧបទ្ទវហេតុដ៏សោកសង្រេង នៃការបាក់រលំអគារកម្ពស់ប្រាំពីរជាន់កាលពីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។ សម្តេចសូមចូលរួមរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅ ប្រកបដោយសេចក្តីសង្វេគជាពន់ពេក ជាមួយក្រុមគ្រួសារនិងសាច់ញាតិដែលបានបាត់បង់សមាជិករបស់ខ្លួននៅក្នុងហេតុការណ៍ដ៏សោកសៅនេះ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធបងប្អូន កូនក្មួយបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងសូមជូនពរដល់បងប្អូន កូនក្មួយជាជនរងគ្រោះដែលកំពុងសម្រាកព្យាបាលរបួស សូមបានឆាប់ជាសះស្បើយ និងបានវិលមកប្រកប់ជីវភាពរស់នៅជាធម្មតាឡើងវិញ។
ក្រុមការងារអាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តខិតខំយ៉ាងសស្រាក់សស្រាំ ប្រមូលគ្រប់មធ្យោបាយដើម្បីពន្លឿនការស្វែងរកជនរងគ្រោះ ។
ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាមានជំនឿយ៉ាងមុតមាំនិងសូមគាំទ្រនូវរាល់ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំនះលើការប្រឈមចំពោះមុខនេះ។ សូមក្រុមគ្រួសារ និងសាច់ញាតិបងប្អូនកូនក្មួយជនរងគ្រោះទាំងអស់មេត្តាទទួលនូវសេចក្តីគោរពស្រលាញ់ដ៏ជ្រាលជ្រៅបំផុតពីសម្តេច។

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner