ក្រុមប្រតិបត្តិការជួយសង្គ្រោះកំពុងបន្តរុករកជនរងគ្រោះ ក្នុងឧបទ្ទវហេតុបាក់អគារនៅខេត្តកែប

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមប្រតិបត្តិការជួយសង្គ្រោះ បានកំពុងបន្តរុករកជនរងគ្រោះដែលស្ថិតក្នុងឧបទ្ទេវហេតុបាក់អគារនៅខេត្តកែប ដោយគិតមកដល់រសៀលនេះ ក្រុមប្រតិបត្តិការជួយសង្គ្រោះ បានរកឃើញជនរងគ្រោះចំនួន២៥នាក់ ក្នុងនោះមានអ្នករបួស២០នាក់ និងបាត់បង់ជីវិតមានចំនួន៥នាក់ដដែល។

រដ្ឋបាលខេត្តកែប នៅវេលាម៉ោងប្រមាណ២រសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា គិតត្រឹមម៉ោង១៤ និង ១៤នាទីរសៀលនេះ ក្រុមប្រតិបត្តិការជួយសង្គ្រោះ បានរុករកឃើញជនរងគ្រោះនៅមានជីវិត ចំនួន០២នាក់បន្ថែមទៀតដែលពួកគាត់គឺជាប្ដីនិងប្រពន្ធនិងគ្នា។

សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ចំនួនជនរងគ្រោះសរុបនៅក្នុងឧបទ្ទវហេតុបាក់រលំអគារនេះបានកើនដល់សរុបចំនួន២៥នាក់មានស្រី្ត៩នាក់ ក្នុងនោះរបួសធ្ងន់ និងស្រាលចំនួន២០នាក់ស្រី្ត០៦នាក់ និងជនរងគ្រោះបាត់បង់ជីវិតមានចំនួន០៥នាក់ស្រី្ត៣នាក់។

រដ្ឋបាលខេត្តកែបបានឲ្យដឹងទៀតថា សកម្មភាពជួយសង្គ្រោះដល់ជនរងគ្រោះ នៅតែបន្តរហូតយកជនរងគ្រោះចេញអស់ពីក្រោមគំនរបាក់បែក នៃអគារបាក់រលំនោះ ។

ពាក់ព័ន្ធទៅនឹងឧបទ្ទវហេតុនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភម្នាក់ៗចំនួន២០០លានរៀល ឬស្មើនឹង ៥ម៉ឺនដុល្លារអាមេរិក និងថវិកាចំនួន១០លានរៀលបន្ថែមទៀតដល់គ្រួសារសពដែលបាត់បង់ជីវិត ចំណែកអ្នករងរបួសវិញ ក្នុងម្នាក់ៗទទួលបានថវិកា៤០លានរៀល ឬស្មើនឹង១ម៉ឺនដុល្លារអាមេរិក។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ថវិកាដែលបានប្រើប្រាស់ក្នុងកិច្ចការងារ មនុស្សធម៌ជួយដល់ជនរងគ្រោះដែលបាត់បង់ជីវិតនិងរងបួសក្នុងករណីបាក់រលំអគារដែលមានកម្ពស់៦ជាន់នេះ គឺបានមកពីសប្បុរសជន និងថវិកាជាតិ។

សូមបញ្ជាក់ថា ឧបទ្ទវហេតុបាក់រលំអគារដែលមានកម្ពស់៦ជាន់នេះបានកើតឡើងកាលពីវេលា៤ និង ៣០នាទីល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner