ញាក់សាច់!! នគរបាលប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃម្នាក់រួមនិងបក្សពួក នាំគ្នាជក់គ្រឿងញៀន និង ដកកាំភ្លើងដេញបាញ់ អ្នកចិញ្វឹមមាន់ ប្លន់លុយជាង៣ពាន់ដុល្លារ

អត្ថបទដោយ៖
Kien Sereyvuth

 ភ្នំពេញ ៖ លោក ភិន រតនៈ មន្ដ្រីនគរបាលប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃនៅការិយាល័យ ក៥ និងបក្ខពួក ត្រូវបានម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ម្នាក់ប្ដឹង បន្ទាប់ពីប្លន់យកលុយអស់៣២០០ដូល្លារនិងលុយខ្មែរ២៤មុឺនរៀល ម្យ៉ាងទៀតក្រោយពីប្ដឹងមានបែកធ្លាយលោកភិន រតនៈ ជក់គ្រឿងញៀនហុយទ្រលោមទៀតផងដែរ ក្រោយមកសមត្ថកិច្ចបានឃាត់ខ្លួនកាលពីប៉ុន្មានថ្ងៃមុននេះដើម្បីចាត់ការតាមនីតិវិធី ។

    ការបែកធ្លាយមន្ដ្រីនគរបាលប្រឆាំងគ្រឿងញៀនជក់គ្រឿងញៀនបែបនេះ ធ្វើឲ្យពលរដ្ឋហាក់អស់ជំនឿលើសមត្ថកិច្ចប្រឆាំងគ្រឿងញៀនទាំងនោះតែម្ដង បើអ្នកបង្ក្រាបគ្រឿងញៀនជក់គ្រឿងញៀនដែរតើឲ្យពលរដ្ឋសង្ឃឹមអីទៀត ។ 
     ជាក់ស្ដែងក្រោយពីមានការចាប់ខ្លួនលោកភិន រតនៈពីបទប្លន់និងបែកធ្លាយវីដេអូឃ្លីបជក់គ្រឿងញៀននោះមក ទើបបែកធ្លាយនូវឯកសារពាក្យបញ្ដឹងរបស់ជនរងគ្រោះម្ចាស់កសិដ្ឋានចិញ្ចឹមមាន់មកថា កាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ខណៈជនរងគ្រោះកំពុងដេកលេងលើគ្រែមុខផ្ទះស្ថិតនៅភូមិព្រៃពពេលសង្កាត់សំរោងក្រោមខណ្ឌពោធិ៍សែនជ័យ ស្រាប់តែឮសំឡេងជនសង្ស័យឈ្មោះភិន រតនៈ  ជិះម៉ូតូណៃហតឌុបនារីម្នាក់មកឈប់មុខផ្ទះរបស់ជនរងគ្រោះ ហើយពេលនោះជនរងគ្រោះបានស្ទុះចេញទៅមើលថាតើអ្នកណាមករកអី នៅពេលទៅដល់មិនទាន់បាននិយាយគ្នាស្រួលបួលផងមានរថយន្ដមួយគ្រឿងទៀតជិះគ្នា៣នាក់មកដល់ឈប់នៅជាមួយគ្នានោះដែរ ដែលពួកគេសុទ្ធសឹងជាមន្ដ្រីនៃការិយាល័យប្រឆាំងគ្រឿងញៀន ក៥ ជាមួយគ្នា។

     ប្រភពបន្ដថា គ្រាន់តែបក្ខពួកកូនចៅគេមកដល់ភ្លាមភិន រតនៈបានស្រែកថាចាប់វាៗរួចដកអាវុធខ្លី១ដើមមិនចាំម៉ាកបាញ់ឡើងលើ១គ្រាប់ជាការគម្រាមផងដែរ រួចបក្ខពួកគេបានចូលទៅចាប់ក្រៀក ហើយឈ្មោះភិនរតនៈបានលូកហោប៉ៅខោរបស់ជនរងគ្រោះយកលុយអស់ចំនួន៣២០០ដូល្លានិងលុយខ្មែរ២៤មុឺនរៀលនិងទូរស័ព្ទដៃម៉ាកសាំស៊ុង១គ្រឿង។ ខណៈពេលកំពុងប្រទុស្សរាយគ្នានោះមានអ្នកឆក់ត្រីម្នាក់បានឃើញដែរទើបជនរងគ្រោះពឹងពាក់ឲ្យជួយដឹងលឺផងប្រសិនបើគាត់ត្រូវការសាក្សី ។ ក្រោយពីមានការយល់ព្រមទើបនៅថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៩ ទើបជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍សំរោងក្រោមដោយនាំយកសំបកគ្រាប់ កាំភ្លើង១គ្រាប់ដែលភិន រតនៈបានបាញ់ឡើងលើនោះទៅធ្វើជាភស្ដុតាងផងដែរ ។

   ក្រោយពីជនរងគ្រោះប្ដឹងរួចហើយនោះ គ្រាន់តែឆ្លងឆ្នាំចូលឆ្នាំ២០២០ភ្លាម ភិន រតនៈ ត្រូវបាមសមត្ថកិច្ចចាប់ខ្លួនតែម្ដង ហើយក៏មានបែកធ្លាយវីដេអូឃ្លីបលោកភិន រតនៈ ជក់គ្រឿងញៀនហុយទ្រលោមដូចគេបំពក់ភ្លើងមូសអីចឹងដែរ ពេលនេះជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី ប៉ុន្ដែជនរងគ្រោះកំពុងទទួលការគម្រាមសម្លាប់ពីបក្ខពួករបស់លោកភិន រតនៈ ជាបន្ដទៀតករណីបែកធ្លាយវីដេអូឃ្លីបដែលភិន រតនៈ ជក់គ្រឿងញៀននោះ ៕

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner