សាលាមធ្យមបច្ចេកទេស ប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២១
ដីឥដ្ឋ ៖ នៅព្រឹកថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្រ្តាចារ្យរង ទេព វុឌ្ឍី អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានដឹកនាំកិច្ចប្រជុំ ដើម្បីបូក សរុបលទ្ធផលការងារប្រចាំខែតុលានិងលើកទិសដៅការងារបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២២ របស់សាលាមធ្យមបច្ចេកទេស ដែលមានសមាភាពចូលរួមពីថ្នាក់ដឹកនាំសាលា នាយការិយាល័យចំណុះ និងមន្រ្តីពាក់ព័ន្ធមួយចំនួន។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្រ្តាចារ្យរង ប្រធានអង្គប្រជុំ បានសម្តែងនូវការស្វាគមន៍ចំពោះថ្នាក់ដឹកនា នាយការិយាល័យ និងមន្រ្តីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២១ នាឱកាសនេះ។ ក្រោយពីបានស្តាប់លោកវរសេនីយ៍ទោ សោម សុខាគារ នាយការិយាល័យរដ្ឋបាល-សរុប អានរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងារប្រចាំខែតុលានិងទិសដៅការងារបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២១ របស់សាលាមធ្យមបច្ចេកទេស រួចមក ឯកឧត្តម ប្រធានអង្គប្រជុំ បានសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំនិងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃសាលាមធ្យមបច្ចេកទេស ដែលបានខិតខំយកចិត្តទុកដាក់ និងមានស្មារតីទទួលខុសត្រូវក្នុងការបំពេញភារកិច្ចប្រចាំខែតុលា ឆ្នាំ២០២១ ស្របតាមផែនការសកម្មភាពប្រចាំឆ្នាំ និងកម្មវិធីការងារប្រចាំខែដែលបានដាក់ចេញ។
សូមបញ្ជាក់ថា លទ្ធផលដែលទទួលបានេះ គឺជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនិងមន្រ្តីគ្រប់លំដាប់ថ្នាក់ ដែលបានអនុវត្តតួនាទី ភារកិច្ចប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវ មិនមែនជាស្នាដៃរបស់នរណាម្នាក់នោះទេ។ បន្ទាប់មក ឯកឧត្តម ប្រធានអង្គប្រជុំ មានមតិណែនាំមួយចំនួន ដើម្បីឱ្យការបំពេញភារកិច្ចសម្រេចតាមកម្មវិធីការងារដែលបានដាក់ចេញ ដូចខាងក្រោម៖
១- យកចិត្តទុកដាក់អនុវត្តកម្មវិធីការងារប្រចាំ ខែ ដោយមានរបបកំណត់ប្រជុំបូកសរុបនិងថតរូប សកម្មភាពដើម្បីរក្សាទុក
២- សាលាមធ្យមបច្ចេកទេសនិងសាលាមធ្យមវិជ្ជាជីវៈនគរបាល ត្រូវរៀបចំកែសម្រួលកម្មវិធីអប់រំ (ឈ្មោះកម្មវិធីអប់រំនិងលទ្ធផលសិក្សារំពឹងទុក) ឱ្យស្របតាមសេចក្តីណែនាំរបស់បណ្ឌិត្យសភា នគរបាលកម្ពុជា
៣- គ្រប់អង្គភាពចំណុះ ត្រូវបន្តអនុវត្តគោលការណ៍ប្រឡងប្រណាំងរបស់បណ្ឌិត្យសភានគរបាលកម្ពុជា
៤- មន្ទីរចាត់ការ រៀបចំវគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្តីពី ការងារគ្រប់គ្រងវគ្គសិក្សា ហើយអ្នកត្រូវចូលរៀន គឺប្រធានអង្គភាពចំណុះ និងមន្រ្តីទទួលបន្ទុកការងារគ្រប់គ្រងវគ្គ
៥- បណ្ឌិត្យសភានគរបាលកម្ពុជា នឹងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២២ នៅក្នុងខែមករា ឆ្នាំ២០២២។
៦- បន្តយកចិត្តទុកដាក់ថែរក្សាសុខភាពដោយអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ពិសេស ៣ការពារ ៣កុំ៕ ដោយ,រ៉ាវុធ




