សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ”ការពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ សម្រាប់អនុវិស័យ ការអប់រំឧត្តមសិក្សា ”
រាជធានីភ្នំពេញ៖ នាយកដ្ឋានផែនការបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ”ការពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ សម្រាប់អនុវិស័យ ការអប់រំឧត្តមសិក្សា” ក្រោមអធិបតីភាព ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងទទួលបន្ទុកអនុវិស័យការអប់រំឧត្តមសិក្សា ឯកឧត្តមសកលវិទ្យាធិការ សកលវិទ្យាធិការរង ឯកឧត្តមប្រធានវិទ្យាស្ថាន លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន/អនុការិយាល័យ មន្ត្រីជំនាញ និងដៃគូអភិវឌ្ឍ សរុបចំនួន ៧៥ នាក់ តាមរយៈកម្មវិធី Zoom Meeting ។
គោលបំណងជាក់លាក់នៃអង្គសិក្ខាសាលា ពិនិត្យកែសម្រួលលើចំណុចដៅនៃសូចនាករស្នូល សូចនាករផលសម្រេច ផែនការសកម្មភាពគោលនយោបាយ និងយុទ្ធសាស្រ្តនិងសកម្មភាពតាមអនុវិស័យ នៅក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ២០១៩-២០២៣ ដើម្បីធានាឱ្យទទួលបានសេវាអប់រំប្រកបដោយ គុណភាព សមធម៌ និងបរិយាបន្ន ជាពិសេស ការគាំទ្រវិស័យអប់រំកក្នុងបរិបទរីករាលដាលនៃជំងឺកូវីដ-១៩ និងការបើកដំណើរការសាលាររៀនឡើងវិញ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងពីការដាក់ចេញនូវគោលនយោបាយអប់រំធំៗចំនួនពីរ៖
១. ធានាឱ្យការអប់រំមានគុណភាពប្រកបដោយសមធម៌ និងបរិយាបន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា
២. ធានាភាពស័ក្តិសិទ្ធនៃភាពជាអ្នកដឹកនាំនិងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាបថ្នាក់ យុទ្ធសាស្ត្រកំណែទម្រង់នានា និងសរសរស្តម្ភទាំង៥ របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងចក្ខុវិស័យសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា។
ដើម្បីឱ្យសិក្ខាសាលាពិគ្រោះយោបល់នេះទទួលបាននូវលទ្ធផល និងធាតុចូលល្អៗ ឯកឧត្តមរដ្ឋលេខាធិការប្រធានអង្គប្រជុំបានផ្តល់ជាអនុសាសន៍ដឹកនាំគន្លឹះៗ រួមមាន៖
១. សូមធ្វើការពិនិត្យ និងវាយតម្លៃពីវឌ្ឍនភាព ប្រសិទ្ធភាព ភាពស័ក្តិសិទ្ធ និងការងារគ្រប់គ្រងដឹកនាំ និងការកែលម្អអភិបាលកិច្ចនៅកម្រិតឧត្តមសិក្សា
២. សូមពិនិត្យ និងវាយតម្លៃអំពីលទ្ធផលដែលសម្រេចបានក្នុងការអនុវត្តក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ២០១៩-២០២៣ កន្លងមក
៣. សូមធ្វើការពិនិត្យ និងកែសម្រួល វត្ថុបំណង យុទ្ធសាស្ត្រ សកម្មភាព សូចនាករ និងការធ្វើចំណោល២០២១-២០២៥
៤. បន្ស៊ីអាទិភាពកំណែទម្រង់នានាដើម្បីឆ្លើយតបទៅនឹងបរិបទនៃកូវីដ-១៩ ក្នុងវិស័យអប់រំ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ឯកឧត្តម លោក លោកស្រី ទាំងអស់ ព្រមទាំងដៃគូអភិវឌ្ឍដែលបានចូលរួមក្នុងសិក្ខាសាលានេះ មានសុខភាពល្អ និងប្រសិទ្ធពរ បវរមហាប្រសើរ និងជៀសផុតពីជំងឺកូវីដ-១៩ ដោយរក្សាបាន ៣កុំ ៣ការពារ។ដោយ-រ៉ាវុធ





