កម្លាំងសមត្ថកិច្ច បន្តចាប់បានអ្នកទោស២នាក់ទៀតហើយ ក្នុង ចំណោម៧នាក់ ដែលបានរត់ចេញពីពន្ធនាគារ
អ្នកទោសទាំង៧នាក់ ដែលបានរត់ចេញពីពន្ធនាគារ កាលពីវេលាម៉ោង៣ និង២០នាទីទាបភ្លឺ ក្នុងថ្ងៃទី៨វិច្ឆិកា ឆ្នំា២០២១ កន្លងទៅនេះ រហូតមកដល់ ម៉ោងជិត៨យប់ ថ្ងៃទី៩ ខែវិច្ឆិកា ក៏ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ តាមប្រម៉ាញ់ចាប់បានម្នាក់ ហើយនៅវេលាថ្ងៃត្រង់នេះគឺថ្ងៃទី១០វិច្ឆការ ឆ្នំា២០២១ សមត្ថកិច្ចបានបន្តចាប់បាន២នាក់បន្ថែមទៀត ក្រោយចាប់បានម្នាក់យប់ម៉ិញ ។
លោក សែម ស៊ីថា៖ អធិការដ្ឋានស្រុកថាឡាបរិវ៉ាត់ គ្រាដឹកនាំកម្លាំងចុះប្រតិបត្តិការផ្ទាល់ក្នុងសកម្មភាពនោះ បានឲ្យដឹងថា អ្នកទោសដែលចាប់បានមកវិញនេះមានឈ្មោះ ទូច វ៉ាត់ ជនជាតិខ្មែរ ជាប់ទោសពីបទជួញដូរគ្រឿងញៀន ដោយកម្លាំងសមត្ថកិច្ច ធ្វើការចាប់ខ្លួនបាននៅក្នុងស្រែចំណុចអូរផ្អាវ ក្នុងភូមិថាឡា ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ចន្លោះម៉ោង៨ទៅម៉ោង៩យប់ ក្នុងថ្ងៃទី៩វិច្ឆិកា ២០២១ ។
យោងតាមការបង្ហើបពីមន្ត្រីសមត្ថកិច្ចឲ្យដឹងថា រហូតមកដល់វេលាថ្ងៃត្រង់ក្នុងថ្ងៃទី១០វិច្ឆិកានេះ សមត្ថកិច្ចចាប់អ្នកទោស២នាក់បន្ថែមទៀត ឈ្មោះភិត ងិន ជនជាតិឡាវ និងម្នាក់ទៀតឈ្មោះ វ៉ាន់ ភូ ជនជាតិខ្មែរ ។ សមត្ថកិច្ចឲ្យដឹងទៀតថា ការចាប់ខ្លួនបាននេះ នៅចំណុចអូរផ្អៀង ក្នុងភូមិថាឡា ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងបន្តនិតិវិធី ក្នុងការស្វែងរកចាប់ខ្លួនអ្នកដែលនៅសល់បន្ថែមទៀត ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ដេង ម៉ាវិន






