កម្លាំងសមត្ថកិច្ច បន្តចាប់បាន ២នាក់ទៀតហើយ ក្នុងចំណោម ៧នាក់នោះ !
ខេត្តស្ទឹងត្រែង៖ ប្រតិបត្តិការយ៉ាងសស្រះសស្រាំរបស់សមត្ថកិច្ច ក្នុងការស្វែងរកក្រុមអ្នកទោសទាំង៧នាក់ ដែលបានរត់ចេញពីពន្ធនាគារ កាលពីវេលាម៉ោង៣
និង២០នាទីទាបភ្លឺក្នុងថ្ងៃទី៨វិច្ឆិកាកន្លងទៅនេះ រហូតមកដល់នៅវេលាម៉ោងជិត៨យប់ថ្ងៃទី៩ខែវិច្ឆិកា ក៏ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់តាមប្រម៉ាញ់ចាប់បានម្នាក់ហើយ ។ បើតាមសេចក្តីរាយការណ៍ គឺនៅវេលាថ្ងៃត្រង់ក្នុងថ្ងៃត្រង់នេះ គឺសមត្ថកិច្ចបន្តចាប់បាន២នាក់បន្ថែមទៀត ក្រោយចាប់
បានម្នាក់យប់ម៉ិញ ។
លោក សែម ស៊ីថាៈអធិការដ្ឋានស្រុកថាឡាបរិវ៉ាត់គ្រាដឹកនាំកម្លាំង ចុះប្រតិបត្តិការផ្ទាល់ក្នុងសកម្មភាពនោះ បានឲ្យដឹងថាៈអ្នកទោសដែលចាប់បានមកវិញនេះ
មានឈ្មោះ ទូច វ៉ាត់ ជនជាតិខ្មែរ ជាប់ទោសពីបទជួញដូរគ្រឿងញៀន ដោយកម្លាំងសមត្ថកិច្ច ធ្វើការចាប់ខ្លួនបាននៅក្នុងស្រែចំណុចអូរផ្អាវ ក្នុងភូមិថាឡា ឃុំ
ថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ចន្លោះម៉ោង៨ទៅម៉ោង៩យប់ ក្នុងថ្ងៃទី៩វិច្ឆិកា២០២១ ។
យោងតាមការបង្ហើបពីមន្ត្រីសមត្ថកិច្ចឲ្យដឹងថាៈរហូតមកដល់វេលាថ្ងៃត្រង់ក្នុងថ្ងៃទី១០វិច្ឆិកានេះ សមត្ថកិច្ចចាប់អ្នកទោស២នាក់បន្ថែមទៀតហើយ ឈ្មោះភិត ងិន អត្តលេខ៖ST-០០២១១៩កើតឆ្នាំ១៩៨១ ជនជាតិឡាវ និងម្នាក់ទៀតឈ្មោះ វ៉ាន់ ភូ អត្តលេខ៖ST-០០២១៥៣ កើតឆ្នាំ១៩៩៣ ជនជាតិខ្មែរ ។ សមត្ថកិច្ចឲ្យដឹងទៀតថា ការចាប់ខ្លួនបាននេះ នៅចំណុចអូរផ្អៀងក្នុងភូមិថាឡា ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងបន្តនិតិវិធី ក្នុងការស្វែងរកចាប់ខ្លួនអ្នកដែលនៅសល់បន្ថែមទៀត ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
