យន្តហោះចម្បាំងចិន​ហោះ​ល្បាត​ត្រៀម​ប្រយុទ្ធ ខណៈដែល​សមាជិក​សភា​អាមេរិក​ធ្វើ​ទស្សនកិច្ច​នៅកោះ​តៃវ៉ាន់

ប៉េកាំង៖ យោធាចិនអះអាងថា យន្តហោះចម្បាំងខ្លួនបានធ្វើការហោះល្បាតត្រៀមប្រយុទ្ធក្នុងទិសដៅនៃច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីក្រសួងការពារជាតិរបស់ខ្លួនបានថ្កោលទោសដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ដោយគណៈប្រតិភូសភាអាមេរិក ដែលខ្លួនបាននិយាយថា បានមកដល់ដោយយន្តហោះយោធា។

អ្នកនាំពាក្យយោធាចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការហោះល្បាតនេះ គឺចង់សំដៅទៅលើពាក្យសម្តី និងសកម្មភាពនៃប្រទេសដែលពាក់ព័ន្ធ បានប្រព្រឹត្តិខុសយ៉ាងធ្ងន់ធ្ងរលើបញ្ហាកោះតៃវ៉ាន់ ក៏ដូចជាសកម្មភាពរបស់កងកម្លាំងគាំទ្រឯករាជ្យនៅតៃវ៉ាន់។ ភាពតានតឹងឆ្លងកាត់ច្រកសមុទ្របានកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយតៃវ៉ាន់បានត្អូញត្អែរពីបេសកកម្មម្តងហើយម្តងទៀតរបស់កងទ័ពអាកាសរបស់ប្រទេសចិនរយៈពេលមួយឆ្នាំ ឬច្រើនជាងនេះ នៅជិតកោះគ្រប់គ្រងដោយខ្លួនឯងនេះ ដែលទីក្រុងប៉េកាំងអះអាងថា ត្រឹមតែជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ។

បើតាមក្រសួងការពារជាតិតៃវ៉ាន់ យន្តហោះយោធាចិនចំនួន ៦គ្រឿងបានហោះចូលទៅក្នុងតំបន់ការពារដែនអាកាសភាគនិរតីរបស់ខ្លួន នៅថ្ងៃអង្គារសប្តាហ៍នេះ រួមទាំងយន្តហោះចម្បាំង J-16 ចំនួន ៤គ្រឿង និងយន្តហោះស៊ើបការណ៍ ២គ្រឿង។ ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ជាច្រើនបានរាយការណ៍នៅដដែលនេះថា សមាជិកសភាតំណាងរាស្រ្ត និងព្រឹទ្ធសភាអាមេរិកបានធ្វើដំណើរមកដល់ទីក្រុងតៃប៉ិ តាមជើងយន្តហោះយោធា។ នៅពេលសួរអំពីដំណើរទស្សនៈកិច្ចនេះ នាយករដ្ឋមន្ត្រីតៃវ៉ាន់ លោក ស៊ូ ត្សេង ឆាង (Su Tseng-chang) បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃពុធនេះថា ទំនាក់ទំនងតៃវ៉ាន់ និងសហរដ្ឋអាមេរិកគឺមានសារៈសំខាន់ណាស់ ហើយថា លោកគោរពដំណើរទស្សនកិច្ចទៅវិញទៅមករវាងមិត្តភក្តិ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner