ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និងលោកជំទាវ កែ ច័ន្ទមុនី នាំយកអំណោយ ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ចំនួន ៧៦ ខ្នង នៅក្នុងស្រុកកំពង់លែង
កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកជំទាវ កែ ច័ន្ទមុនីអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១០ វិច្ឆិកាម្សិលមិញ បាននាំយកអំណោយរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ នៅក្នុងភូមិស្លត និងភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ចំនួន ៧៦គ្រួសារ ។
អំណោយដែលបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៤០គ.ក្រ មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងថវិកា ៥ម៉ឺនរៀល ។
ឯកឧត្តម អភិបាលខេត្តនិងលោកជំទាវអ្នកតំណាងរាស្ត្រក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារកុមារី ហុន ណាវី អាយុ ៥ឆ្នាំ ដែលបានទទួលមរណភាពក្នុងហេតុការណ៍ខ្យល់កន្ត្រាក់នេះ និងបានឧបត្ថម្ភថវិការបស់ឯកឧត្ដមបណ្ឌិតសភាចារ្យបន្ថែមចំនួន ១លានរៀល សរុបរួមបានឧបត្ថម្ភថវិកាចំនួន ២លាន៥សែនរៀល (ក្នុងនោះថវិការបស់ឯកឧត្ដមនាយឧត្ដមសេនីយ៍ សឹង សំណាង ចំនួន ៥០ម៉ឺនរៀលផងដែរ) ដើម្បីជួយសម្រាលការលំបាករបស់ក្រុមគ្រួសារកុមារីរងគ្រោះ ៕ សុខ គឹមសៀន









