ឯកឧត្តមបណ្ឌិត ថោង ខុន៖ «ការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍បង្ហាញពីការរីកចម្រើនរបស់កម្ពុជា ដែលជាសមិទ្ធផលនៃសន្តិភាព»
CAMSOC-កោះកុង៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថា ការពិតនៃការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍បានបង្ហាញពីការរីកចម្រើនរបស់កម្ពុជា ដែលជាសមិទ្ធផលនៃសន្តិភាព។
នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ថោង ខុន នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅខេត្តកោះកុង។
ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីមានប្រសាសន៍ថា បន្ទាប់ពីទទួលបានការឯកភាពគាំទ្រពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ អនុញ្ញាតឲ្យក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយសហព័ន្ធកីឡាប្រណាំងកង់ពិភពលោក និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ ដែលប្រព្រឹត្តិទៅពីថ្ងៃទី៤ដល់ថ្ងៃទី៦មករា ឆ្នាំ២០២០។ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មការអន្តរក្រសួងមួយ ដើម្បីរៀបចំនូវព្រឹត្តិការណ៍នេះ ក្នុងគោលបំណងដោយផ្តើមចេញពីគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលធ្វើឲ្យកម្ពុជាទទួលបាននូវសុខសន្តិភាព ពេញលេញ និងរីចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍បាននឹងកំពុងក្លាយជាសសរទ្រូងចម្បងជួយដល់ខឿនសេដ្ឋកិច្ចកម្ពុជា។ បច្ចុប្បន្ន តំបន់ឆ្នេរសមុទ្រកម្ពុជាបានក្លាយជាគោលដៅដ៏មាន សក្តានុពល និងការទាក់ទាញទាំងការវិនិយោគទេសចរណ៍ និងទេសចរណ៍សម្រាកកម្សាន្ត ដែលពោរពេញទៅដោយសមិទ្ធផលទេសចរណ៍ដ៏សម្បូរបែប ពិសេសឆ្នេរខ្សាច់ កោះ ធនធានក្រោមសមុទ្រ តំបន់អេកូទេសចរណ៍ និងតំបន់វប្បធម៌បេតិកភណ្ឌជាដើម។ ឯកឧត្តមមានប្រសាសន៍ថា តាមការពិត ការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍នេះឡើងបានបង្ហាញពីការរីកចម្រើនរបស់កម្ពុជា ដែលជាសមិទ្ធផលនៃសន្តិភាព។ ដើម្បីបង្កើនការផ្សព្វផ្សាយនូវផលិតផលទេសចរណ៍ និងសក្តានុពលទេសចរណ៍ ក៏ដូចជាបង្កើនភាពទាក់ទាញទេសចរណ៍ឲ្យភ្ញៀវទេសចរមកកម្សាន្តនៅតំបន់ឆ្នេរសមុទ្រឲ្យកាន់តែច្រើន ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅកម្ពុជាជាយន្តការដ៏មានប្រសិទ្ធភាព ប្រកប ដោយភាពឆ្នៃប្រឌិត។ ចំពោះគោលបំណងដ៏សំខាន់មួយទៀត ត្រូវបានឯកឧត្តមបណ្ឌិតលើកឡើង ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាពង្រឹងគុណភាព សមត្ថភាព សហព័ន្ធកីឡាទោចក្រយាន កម្ពុជាឲ្យកាន់តែល្អប្រសើរ ដើម្បីត្រៀមខ្លួនឲ្យបានល្អផងដែរ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំទទួលធ្វើ ជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ នៅកម្ពុជា។ ជាមួយគ្នានោះ ការពង្រឹងសមត្ថភាពសហព័ន្ធជំនាញកម្ពុជា ក៏ជាគោលដៅចម្បងនាថ្ងៃអនាគត ក្រោយឆ្នាំ២០២៣ ខាងមុខ ទៀតផង។
ឯកឧត្តមបណ្ឌិត ថោង ខុន បានវាយតម្លៃខ្ពស់ចំពោះការទទួលរៀបចំការប្រណាំងកង់ពិភពលោក លើកទី១ នៅកម្ពុជា ដែលនឹងផ្តល់នូវបទពិសោធន៍ជូនដល់សហព័ន្ធជំនាញកម្ពុជា ក្រោមការជួយជ្រោមជ្រែងពីសហព័ន្ធកីឡាប្រណាំងកង់ពិភពលោក ដោយអញ្ជើញចូលរួមដោយផ្ទាល់ពីWayne Pomario ប្រធានស្នងការគ្រប់គ្រងព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក និងលោក Mister Bruno Bodard នាយកប្រតិបត្តិក្លឹបឆ្នេរខ្សាច់ស្រស់ស្អាតបំផុតលើពិភពលោក។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ ឆ្នាំ២០២០ នឹងចាប់ផ្តើមប្រកួតនៅថ្ងៃស្អែកដោយធ្វើការប្រណាំងឆ្លងកាត់៤ខេត្ត ដោយចាប់ចេញដំណើរពីខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប៕