លោក ស៊ី ជិនពីង ព្រមានពីការផ្ទុះឡើងសង្គ្រាមត្រជាក់សាជាថ្មី ដោយសារតែភាពតានតឹងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានធ្វើការព្រមានប្រឆាំងនឹងការវិលត្រឡប់ទៅរកភាពតានតឹងនៃយុគសម័យសង្រ្គាមត្រជាក់សាជាថ្មីនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយលោកបានអំពាវនាវអោយបណ្ដាប្រទេសនានាធ្វើកិច្ចសហប្រតិបត្តិការនឹងគ្នាអោយកាន់តែរឹងមាំ ក្នុងស្ដារសេដ្ឋកិច្ចឡើងពីជំងឺរាតត្បាតកូវីដ១៩ ក៏ដូចជាដោះស្រាយការប្រែប្រួលអាកាសធាតុ។
អះអាងបែបនេះរបស់លោក ស៊ី ធ្វើឡើងនៅក្នុងសន្និសីទធុរកិច្ចមួយតាមប្រព័ន្ធវីដេអូនៅឯកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) និងស្របពេលដែលប្រទេសចិនកំពុងមានទំនាក់ទំនងកាន់តែតានតឹង ជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងរឿងកោះតៃវ៉ាន់។
នាឱកាសនោះដែរ លោក ស៊ី បាននិយាយដូច្នេះថា ការប៉ុនប៉ងធ្វើសង្រ្គាមត្រជាក់ ឬការឡោមព័ទ្ធភូមិសាស្ត្រនយោបាយនោះ នឹងទទួលបរាជ័យ ហើយតំបន់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូល មិនអាច និងមិនគួរវិលត្រឡប់ទៅរកការប្រឈមមុខដាក់គ្នា និងការបែកបាក់ ក្នុងយុគសម័យសង្រ្គាមត្រជាក់ជាថ្មីនោះទេ៕ ប្រភព៖ CNA


