លោក ស៊ី ជិនពីង៖ទំនាក់ទំនងរវាងចិន-សហរដ្ឋអាមេរិកបានឈានដល់ចំណុចប្រសព្វជាប្រវត្តិសាស្ត្រដ៏សំខាន់
វ៉ាស៊ីនតោន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ថ្លែងថា ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកបានឈានដល់ចំណុចប្រសព្វជាប្រវត្តិសាស្ត្រដ៏សំខាន់។ ប្រទេសទាំងពីរនឹងទទួលបានផលចំណេញពីកិច្ចសហប្រតិបត្តិការ និងការខាតបង់ពីការប្រឈមមុខដាក់គ្នា។ កិច្ចសហប្រតិបត្តិការគឺជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់។
ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងសមភាគីអាមេរិកលោក ចូ បៃដិន ក៏បានទទួលស្គាល់ផងដែរថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនមានផលប៉ះពាល់ជាសកល នៅក្នុងសារលិខិតដែលអាននៅក្នុងពិធីជប់លៀងប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងអាមេរិក-ចិន។ លោក ស៊ី បានអំពាវនាវយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការនៅក្នុងសារលិខិតរបស់ខ្លួន ដោយលោកនិយាយថា ចិនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកល។ លោក ស៊ី សង្កត់ធ្ងន់ថា ចិនក៏នឹងធ្វើការជាមួយអាមេរិក ដើម្បីគ្រប់គ្រងការខ្វែងគំនិតគ្នាអោយបានត្រឹមត្រូវ និងធ្វើឱ្យទំនាក់ទំនងរបស់ប្រទេសទាំងពីរប្រសើរឡើងវិញ។ សម្រាប់លោក ចូ បៃដិន វិញ ក៏បានសាទរចំពោះតួនាទីរបស់គណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងអាមេរិក-ចិន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងការជួយជំរុញការយល់ច្បាស់ពីគ្នាទៅវិញទៅមក ក៏ដូចជាការសន្ទនាក្នុងន័យស្ថាបនា ដើម្បីជួយស្វែងរកចំណុចរួម។
លោក បៃដិន បានបញ្ជាក់ដូច្នេះថា ខ្ញុំដឹងគុណចំពោះការលះបង់របស់អ្នក ក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការនេះនាពេលកន្លងមក យើងអាចស្វែងរកការតភ្ជាប់កាន់តែច្រើន និងការរីកចម្រើននៃផលប្រយោជន៍ ដែលប៉ះពាល់ដល់ប្រទេសរបស់យើង និងពិភពលោកផងដែរ៕ ប្រភព៖ CGTN
