ព្រឹត្តិការណ៍វប្បធម៌ក្នុងក្រុងសៀមរាប នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០-១១-១២ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ
សៀមរាប ៖ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំនឹងពិភាក្សាការងារ ស្ដីពីគម្រោងរៀបចំព្រឹត្តិការណ៍វប្បធម៌ក្នុងក្រុងសៀមរាប ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០-១១-១២ ខែធ្នូ ឆ្នាំ២០២១ខាងមុខ ក្រោមអធិបតីភាព លោកជំទាវ យូ សុភា អភិបាលរងខេត្ត ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក អ៊ឺរ៉ុន ខាគីនី នាយកប្រតិបត្តិ និងសិល្បៈ នៃក្រុមហ៊ុនកាហ្វេ និងអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើននាក់។
លោក អ៊ឺរ៉ុន ខាគីនី នាយកប្រតិបត្តិ និងសិល្បៈ នៃក្រុមហ៊ុនកាហ្វេ បានធ្វើបទបង្ហាញដែលមានកម្មវិធីជាច្រើន ស្តីពីការរៀបចំព្រឹត្តិការណ៍វប្បធម៌ក្នុងក្រុងសៀមរាប ជូនភ្ញៀវជាតិ-អន្តរជាតិទស្សនាកំសាន្តរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១១-១២ ខែធ្នូ ឆ្នាំ២០២១ខាងមុខ ។
លោកជំទាវ យូ សុភា អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ចំពោះគម្រោងរៀបចំព្រឹត្តិការណ៍វប្បធម៌នៅក្នុងក្រុងសៀមរាបនេះ ពីមុនៗមកខេត្តសៀមរាបយើងធ្លាប់ទទួលនូវការរៀបចំព្រឹត្តិការណ៍ធំៗ កម្មវិធីធំៗ ជាច្រើនដងតែងតែទទួលបានជោគជ័យជាបន្តបន្ទាប់ គឺរដ្ឋបាលខេត្តមានការយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ ជាពិសេស គឺការដាក់ចេញនូវវិធានការសុវត្ថិភាពសាធារណ: ដើម្បីរក្សាការពារភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមកទស្សនា ក៏ដូចជាទស្សនកិច្ចជាដើម។
លោកជំទាវ បានបន្តថា ចាប់ពីពេលនេះតទៅ យើងត្រូវតែចូលរួមអនុវត្តប្រតិបត្តិតាមគន្លងប្រក្រតីភាពថ្មីសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ-អន្តរជាតិ ក្នុងការប្រែក្លាយពីការគំរាមកំហែងពីជំងឺកូវីដ-១៩ ឲ្យទៅជាឱកាសសម្រាប់ការលើកកម្ពស់សេវាកម្មទេសចរណ៍ក្នុងខេត្តសៀមរាបយើង ដើម្បីរក្សាបាននូវស្ថេរភាពអាជីវកម្មនានាឲ្យប្រសើរឡើង និងធានាបាននូវសុវត្ថិភាពចំពោះភ្ញៀវទេសចរណ៍ជាដើម ៕ ដោយ ស៊ាន សុផាត







