កិច្ចប្រជុំរវាងមេដឹកនាំអាមេរិក កាណាដា និងម៉ិចស៊ីកូនៅសប្តាហ៍ក្រោយ ត្រូវបានគេរំពឹងថា នឹងផ្តោតលើកូវីដ-១៩ ការធ្វើចំណាកស្រុក និងវិបត្តិអាកាសធាតុ
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ និងប្រធានាធិបតីម៉ិចស៊ីកូលោក អង់ដ្រេ ម៉ានូអែល ឡប់ប៉េស អូប្រាដឺរ នៅសេតវិមាននៅសប្តាហ៍ក្រោយ។
សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធសប្តាហ៍នេះថា កិច្ចប្រជុំត្រីភាគីដែលគ្រោងធ្វើឡើងនៅថ្ងៃទី ១៨ ខែ វិច្ឆិកា ខាងមុខនេះ នឹងក្លាយជាកិច្ចប្រជុំកំពូលរបស់មេដឹកនាំអាមេរិកខាងជើងជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០១៦។ កិច្ចប្រជុំរវាងមេដឹកនាំប្រទេសទាំងបីនេះទៀតសោត ត្រូវបានគេរំពឹងថា នឹងផ្តោតសំខាន់ទៅលើជំងឺកូវីដ១៩ ការប្រកួតប្រជែង ការធ្វើចំណាកស្រុក និងកំណើនជនអន្តោសប្រវេសន៍ ព្រមទាំងការប្រែប្រួលអាកាសធាតុជាដើម។ បើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន ក្នុងអំឡុងកិច្ចប្រជុំនេះ សហរដ្ឋអាមេរិក ម៉ិចស៊ីកូ និងកាណាដា នឹងបញ្ជាក់ឡើងវិញនូវទំនាក់ទំនង និងសមាហរណកម្មដ៏រឹងមាំរបស់ពួកគេផងដែរ ខណៈដែលកំពុងកំណត់ផ្លូវថ្មីមួយសម្រាប់កិច្ចសហប្រតិបត្តិការ។
កិច្ចពិភាក្សានេះទៀតសោត ក៏នឹងនិយាយផងដែរ អំពីចក្ខុវិស័យក្នុងតំបន់សម្រាប់ការធ្វើចំណាកស្រុក ដែលជាបញ្ហាប៉ះពាល់សម្រាប់សហរដ្ឋអាមេរិក និងម៉ិចស៊ីកូ ដែលតែងតែឃើញជនចំណាកស្រុកអាមេរិកកណ្តាលរាប់ពាន់នាក់មកដល់ព្រំដែនភាគខាងត្បូងរបស់ខ្លួន ដោយសង្ឃឹមថា នឹងទៅដល់សហរដ្ឋអាមេរិក ខណៈដែលពួកគេព្យាយាមគេចចេញពីភាពក្រីក្រ និងអំពើហិង្សានៅក្នុងប្រទេសខ្លួន៕ ប្រភព៖ CGTN និង France24
