រថភ្លើងក្រោមដីដំបូងវៀតណាមពេញនិយមខ្លាំង តែកូវីដកើនឡើងវិញ
ស្ថានីយរថភ្លើងក្រោមដី ពីទៅស្ថានីយ Cat Linh ទៅ Ha Dong ស្ថិតក្នុងក្រុងហាណូយ ប្រទេសវៀតណាម អាចនឹងត្រូវបិទបណ្តោះអាសន្ន ដោយសារតែអ្នកដំណើរច្រើនលើសលប់ ទទួលបានសំបុត្រធ្វើដំណើរ ឈរក្បែរៗគ្នា បំពានវិធានការសុខាភិបាល នេះបើតាមគណៈគ្រប់គ្រងក្រុមហ៊ុន។ ជាក់ស្តែង កាលពីដើមសប្តាហ៍ គេឃើញមានអ្នកដំណើរយ៉ាងច្រើនបានធ្វើដំណើរទៅដល់ស្ថានីយ Yen Nghia ភាគច្រើនគឺជាសិស្ស និស្សិត និងមនុស្សចាស់។ បុគ្គលិកម្នាក់បានប្រាប់ថា «សំបុត្រមិនគិតថ្លៃ ប្រមាណ៥ពាន់សន្លឹកត្រូវបានផ្តល់ជូនឲ្យអ្នកដំណើរ ក្នុងពេលខ្លី»។
គួរបញ្ជាក់ថា វៀតណាមបាននិងកំពុងដំណើរការរថភ្លើងក្រោមដី លើកដំបូងរបស់ខ្លួន មិនគិតថ្លៃ ១៥ថ្ងៃ ជាការសាកល្បង ពោលគឺចាប់តាំងពីថ្ងៃទី៦ វិច្ឆិកា។ ប៉ុន្តែកាលពីថ្ងៃទី៧ វិច្ឆិកា មានអ្នកដំណើរដ៏ច្រើន គឺ៥៤០០០នាក់ កើនឡើងទ្វេដង បើធៀបនឹងថ្ងៃដំបូងនោះ។
បន្ទាប់ពីចំណាយពេលសាងសង់ ១០ឆ្នាំ ការដាក់ដំណើរការរថភ្លើងក្រោមដីនេះបានចាប់ផ្តើមឡើង ក្រោយពេលស្ថានភាពកូវីដ ហាក់ធូរស្រាលបន្តិច ប៉ុន្តែ ប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនឆ្លងហាក់កើនឡើងខ្លាំងវិញ។ ជាក់ស្តែង ម្សិលមិញ មានឆ្លងជិត៨ពាន់នាក់។
អាជ្ញាធរទទួលបន្ទុកដឹកជញ្ជូននៅហាណូយបានលើកឡើងថា ពេលមានអ្នកដំណើរច្រើនពេក ស្ថានីយគួរតែផ្អាកបណ្តោះអាសន្ន ពី២០ទៅ៣០នាទី។ ក្រៅពីនេះ អ្នកដំណើរទាំងអស់ត្រូវបានណែនាំកុំឲ្យមកធ្វើដំណើរនៅម៉ោងប្រញាប់ ឬ Rush Hour៕ ប្រភពពី VNexpress