ផ្លូវ ប៉ូតាស៊ុយ ប្រវែង ១៣គីឡូម៉ែត្រ ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ត្រូវបានបើកការដ្ឋាន ឲ្យជួសជុល ឡើងវិញ
កំពត ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណឣភិបាល ខេត្តកំពត បានអញ្ជើញបើកការដ្ឋានជួសជុលផ្លូវ (ផ្លូវប៉ូតាស៊ុយ) ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ប្រវែង ១៣គីឡូម៉ែត្រេ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ។
ផ្លូវទូកមាសពោធិ៍-តាស៊ុយប្រវែង ១៣គីឡូម៉ែត្រនេះ បែកចេញពីផ្លូវជាតិលេខ៣១ ក្បែរចំណុចមុខសាលាស្រុកបន្ទាយមាស ឆ្ពោះទៅកាន់ព្រំប្រទល់ខេត្តតាកែវ បានធ្លាក់ក្នុងស្ថានភាពខូចខាតជាយូរឆ្នាំមកហើយ។ ប្រជាពលរដ្ឋដែលបាន និងកំពុងប្រើប្រាស់ផ្លូវមួយខ្សែនេះមានក្តីលំបាកយ៉ាងខ្លាំងក្នុងការធ្វើដំណើរប្រចាំថ្ងៃ។ផ្តោតលើសំណូមពររបស់ប្រជាពលរដ្ឋ ឯកឧត្តម ម៉ៅ ធនិន បានជំរុញដល់មន្ទីរអភិវឌ្ឍន៍ជនបទពន្លឿនក្នុងការបើកការដ្ឋានស្ថាបនាឱ្យបានឆាប់រហ័ស ។ ផ្លូវនេះត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទចុះកិច្ចសន្យាសាសង់ជាមួយក្រុមហ៊ុនកូរ៉េ ILSUNG Costruction Co, LTD កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទីបី ក្រោមហិរញ្ញប្បទានរបស់សាធារណរដ្ឋកូរ៉េ ។
ឯកឧត្តម ម៉ៅធនិន ឣភិបាលខេត្តកំពត មានប្រសាស៍ថា ដើម្បីឱ្យផ្លូវនេះដំណើការបានឆាប់រហ័ស និងដោយរលូន សុំបងប្អូន ពុកម៉ែដែលរស់នៅ សងខាងផ្លូវ ត្រូវតែជួយសម្របសម្រួល ដល់ការងារសាងសង់ផ្លូវនេះទៅតាមបច្ចេកទេសដែលក្រុមការងារឣភិវឌ្ឍន៍ជនបទបានកំណត់ ៕ Sila Sarin






