សម្ដេចតេជោ ហ៊ុន សែន ដោយណែនាំដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការរៀបចំពិធីជួបជុំ សាសនា និងការជួបជុំផ្សេងៗ ប៉ុន្តែត្រូវរក្សាគម្លាតជាមូលដ្ឋាន
ភ្នំពេញ៖ យោងតាមសារជាសំឡេងនារសៀលថ្ងៃទី១២ ខែវិច្ជិកា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុញ្ញាតឲ្យមានការរៀបចំពិធីជួបជុំសាសនា និងការជួបជុំ ផ្សេងៗ ដោយមិនកំណត់ចំនួនមនុស្ស ប៉ុន្តែត្រូវរក្សាគម្លាតមួយម៉ែត្រកន្លះជាមូលដ្ឋាន អាស្រ័យលើទីតាំង។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កាលពីប៉ុន្មានថ្ងៃមុននោះ ខ្ញុំព្រះករុណាខ្ញុំបានប្រកាសថា ឲ្យរៀបចំ អាពាហ៍ពិពាហ៍ដោយកំណត់មនុស្សយ៉ាងច្រើន២០០នាក់ ដោយមិនគិតអ្នកផ្ដល់សេវាផ្សេងៗ ។ ប៉ុន្តែក្រោយពីធ្វើការ ពិនិត្យដោយការកំណត់បែបនេះ មិនសមស្របនោះទេ គឺយើងយកស្តង់ដារ នៃការអនុវត្តតាមវិធានសុខាភិបាល ឧទាហរណ៍ ប្រសិនបើមានទីតាំងធំ ម្ចាស់ដើមការអញ្ជើញភ្ញៀវទៅតាមចំនួនដែលអាចធ្វើធំបាន ៥រយនាក់ ឬក៏១ពាន់ នាក់ ប៉ុន្តែត្រូវតែធានាចាំបាច់ នូវការរក្សានៅគម្លាតតាមតុ។
សម្ដេចតេជោ បានបញ្ជាក់ថា ការរៀបចំពិធីផ្សេងៗអាស្រ័យទៅលើទីតាំងតូចឬធំ ដែលចាំបាច់គឺរក្សាគម្លាត ដោយតាម វិធានសុខាភិបាល ព្រោះប្រសិនបើកំណត់ ២រយនាក់ស្មើៗគ្នា គឺមិនស្របទៅនឹងទីកន្លែង និងពិបាកអនុវត្ត ដូច្នេះ ខ្ញុំព្រះករុណាខ្ញុំ សូមផ្ដល់ជូនបងប្អូនជនរួមជាតិសម្រេចទៅតាមទីកន្លែងតូច ឬធំ ដែលអាចរក្សាគម្លាតបាន។ ក្នុងនោះ សម្ដេច បានបញ្ជាក់បន្ថែមថា ម្ចាស់កម្មវិធីត្រូវអញ្ជើញចំពោះតែអ្នកណាដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចរាល់បាន២ដូស ហើយក្នុងករណីអ្នកដែលមិនបានចាក់ ដែលមានការហាមឃាត់ពីគ្រូពេទ្យ មិនមានបញ្ហានោះទេ ប៉ុន្តែសម្រាប់អ្នកដែលគេចវេសមិនចាក់វ៉ាក់សាំង មិនគប្បីមានការលើកទឹកចិត្តឱ្យមានការចូលរួមនៅក្នុងអាពាហ៍ពិពាហ៍ នោះទេ អាចជាភ្នាក់ងារចម្លងក្នុងអាពាហ៍ពិពាហ៍។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យរក្សាគម្លាត និងការចាក់វ៉ាក់សាំង បូកជាមួយនឹងការគោរព តាមវិធានសុខាភិបាល ៣ការពារ ៣កុំ នៅពេលដែលចូលក្នុងពិធីតាមប្រពៃណី និងពិធីផ្សេងៗ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងបញ្ជាក់ពាក់ព័ន្ធនឹងផ្នែកវិស័យសាសនាវិញថា មិនមានការកំណត់ចំនួនអ្នកចូលរួម នោះទេ។ សម្តេចក៏បានណែនាំឲ្យក្រសួងសុខាភិបាល និងក្រសួងធម្មការ និងសាសនា ធ្វើការពិភាក្សាគ្នា ដោយយក ការរក្សាគម្លាតជាមូលដ្ឋាន ដោយមិនមានការកំណត់មនុស្សទេ អាស្រ័យទៅលើទីតាំងដែលអាចរក្សាគម្លាតបាន ដោយ គម្លាតមួយម៉ែត្រកន្លះយ៉ាងតិច ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានផ្ដាំផ្ញើទៅអ្នកដែលពាក់ព័ន្ធទៅនឹងពិធីមង្គលការ ដូចជាអាចារ្យ អ្នកផ្នួង អ្នករៀបពិធីមង្គលការ អ្នកចម្រៀង និងអ្នកបម្រើសេវាផ្សេងៗថា នេះគឺជាដំណឹងដ៏រីករាយមួយ ដែលបញ្ជាក់ឲ្យឃើញថា ដំណើរការនៃការប្រកបមុខរបរផ្សេងៗ ដំណើរការសង្គមបានចាប់ផ្ដើមដំណើរការហើយ ៕ ដោយ វណ្ណលុក
