រដ្ឋមន្ត្រីការបរទេសចិន និងអាមេរិកទូរស័ព្ទជួបគ្នា ត្រៀមជំនួបលោកស៊ី និងបៃដិន

រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី និង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក អង់តូនី ប្លីងកែន បាន​ពិភាក្សា​គ្នា​តាម​ប្រព័ន្ធ​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។

បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ភាគី​ទាំង​សងខាង ជំនួប​តាម​ប្រព័ន្ធ​ទូរស័ព្ទ​នេះ​ធ្វើ​ឡើង​ ដើម្បី​ត្រៀម​រៀបចំ​ជំនួប​តាម​ប្រព័ន្ធ​វីដេអូ​រវាង​រវាង​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង និង​លោក​ប្រធានាធិបតី​អាមេរិក ចូ​ បៃដិន។ ជំនួប​រវាង​មេដឹកនាំ​ប្រទេស​មហាអំណាច​ពិភពលោក​ទាំង​ពីរ​នេះ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី១៦ ខែ​វិច្ឆិកា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​​ចិន។

ក្រៅ​ពី​នេះ​ បញ្ហា​ច្រក​សមុទ្រ​តៃវ៉ាន់​ក៏​ត្រូវ​បាន​លើក​មក​និយាយ​ផង​ដែរ។

រដ្ឋមន្ត្រី​អាមេរិក​បាន​សង្កត់ធ្ងន់​ពី​ផល​ប្រយោជន៍​អាមេរិក​ក្នុង​ការ​ចង់​ឃើញ​តំបន់​នេះ​មាន​សន្តិភាព​ និង​ស្ថិរភាព ហើយ​លោក​ក៏​បាន​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ការ​ដាក់​សម្ពាធ​របស់​ចិន ទៅ​លើ​តៃវ៉ាន់​ទាំង​ផ្នែក​សេដ្ឋកិច្ច ការទូត និង​យោធា។ លោក ប្លីងកែន ជំរុញ​ឱ្យ​ចិន​ចូល​តុ​ចរចា​ជាមួយ​តៃវ៉ាន់ ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ប្រកប​ដោយ​សន្តិវិធី និង​ផ្អែក​តាម​ផលប្រយោជន៍​របស់​ប្រជាជន​តៃវ៉ាន់ ២៣លាន​នាក់។

ចំណែក​ឯ​រដ្ឋមន្ត្រី​ចិន បាន​តប​ទៅ​វិញ​ថា ប្រសិន​បើ​អាមេរិក​ចង់​បាន​សន្តិភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​មែន អាមេរិក​ត្រូវ​តែ​បញ្ឈប់​ការ​គាំទ្រ​ និង​ប្រឆាំង​ទៅ​លើ​គំនិត​ «តៃវ៉ាន់​ឯករាជ្យ»៕

ប្រភព៖ state.gov

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner