ប៉ូលិសប៉ូឡូញរកឃើញសាកសពបុរសជនជាតិស៊ីរីវ័យ ២០ឆ្នាំ ម្នាក់នៅជិតព្រំដែនបេឡារុស ចំពេលវិបត្តិជនអន្តោប្រវេសន៍មានភាពតានតឹងកាន់តែខ្លាំងឡើង

អត្ថបទដោយ៖
AMS OneMinute

ប៉ូលិសប៉ូឡូញរកឃើញសាកសពបុរសជនជាតិស៊ីរីវ័យ ២០ឆ្នាំ ម្នាក់នៅជិតព្រំដែនបេឡារុស ចំពេលវិបត្តិជនអន្តោប្រវេសន៍មានភាពតានតឹងកាន់តែខ្លាំងឡើង។ សាកសព និងលិខិតឆ្លងដែនរបស់បុរសនោះត្រូវបានរកឃើញកាលពីថ្ងៃទី១២ វិច្ឆិកាកន្លងទៅ ហើយមូលហេតុនៃការស្លាប់គេមិនទាន់ដឹងនៅឡើយ។

មនុស្សយ៉ាងហោចណាស់ ៨នាក់បានស្លាប់ ប៉ុន្តែតួលេខនេះមិនមានការបញ្ជាក់ទេ ដោយសារប៉ូឡូញរារាំងអ្នកកាសែត ក្រុមសិទ្ធិមនុស្ស និងអង្គការមនុស្សធម៌មិនឱ្យចូលទៅតំបន់ដែលកំពុងមានវិបត្តិ។

ប្រទេសជិតខាងរបស់បេឡារុសព្រមានថា ស្ថានភាពអាចនឹងកើនឡើងជាជម្លោះយោធា ដោយសូម្បីតែប្រធានាធិបតីអាមេរិកក៏បង្ហាញការព្រួយបារម្ភ ខណៈចំនួនជនអន្តោប្រវេសន៍ដែលមកដល់ជំរុំបណ្តោះអាសន្ននៅតាមព្រំដែនកំពុងកើនឡើងជារៀងរាល់ថ្ងៃ។

សហភាពអឺរ៉ុបចោទប្រកាន់បេឡារុសថា បានបង្កជម្លោះក្នុងគោលបំណងដាក់សម្ពាធលើប្លុកជុំវិញការដាក់ទណ្ឌកម្មលើខ្លួន បុន្តែបេឡារុសបានបដិសេធ។

កាលពីថ្ងៃទី១៣ វិច្ឆិកា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko និយាយថា ប្រទេសលោកខាងលិចគឺជាអ្នកទទួលខុសត្រូវសម្រាប់វិបត្តិនេះ។

ប្រភព៖ Reuters

ads banner