ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានណែនាំដល់ពលករខ្មែរ អោយបញ្ឈប់ការលួចឆ្លងដែន ចូលទៅក្នុងប្រទេសថៃ ព្រោះជាទង្វើខុសច្បាប់
ខេត្តឧត្តរមានជ័យ ៖ ប្រជាពលករខ្មែរ ប្រុស ស្រី ១០នាក់ បានរងការឃាត់ខ្លួន ពីកម្លាំងសមត្ថកិច្ចចម្រុះ ប្រចាំការនៅគោលដៅច្រកអូរស្មាច់ នៃក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ ការឃាត់ខ្លួន បានធ្វើឡើងក្នុងគ្រាដែលពលករខ្មែរទាំងនោះ គ្រោងលួចឆ្លងដែនពីកម្ពុជា ចូលទៅក្នុងប្រទេសថៃ កាលពីយប់ថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២១ ។
ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ទោ ហួត សុធី នៅថ្ងៃទី១៤ វិច្ឆិកាម្សិលមិញ បានចុះធ្វើការអប់រំ ណែនាំដល់ពលករខ្មែរប្រុស ស្រី ទាំង ១០នាក់នោះ ឲ្យឈប់ជឿតាមការអូសទាញរបស់មេខ្យល់ និងត្រូវបញ្ឈប់ការធ្វើសកម្មភាព លួចឆ្លងដែនចូលទៅក្នុងប្រទេសថៃ ដើម្បីទៅរកការងារធ្វើ តាមរបៀបនេះតទៅទៀត ព្រោះការលួចឆ្លងដែនបែបនេះ វាជាទង្វើល្មើសច្បាប់ និងប្រឈមនឹងភាពគ្រោះថ្នាក់ថែមទៀតផង ។
លោកស្នងការនគរបាលខេត្ត បានបញ្ជាក់ថា ពលករខ្មែរទាំង ១០នាក់ ក្នុងនោះស្រី ៤នាក់ រស់នៅក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ក្រោយការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា ឲ្យពួកគេបញ្ឈប់ការលួចឆ្លងដែន ដោយខុសច្បាប់ជាបន្តទៀត ហើយក៏បានអនុញ្ញាតឱ្យវិលត្រឡប់ ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញហើយដែរ ។
លោកឧត្តមសេនីយ៍ទោ ហួត សុធី បញ្ជាក់ទៀតថា កាលពីវេលាម៉ោង ៨ និង៣៧នាទីយប់ ថ្ងៃទី១២ វិច្ឆិកា ២០២១ កន្លងមកនេះ កម្លាំងចម្រុះដែលប្រចាំការនៅគោលដៅអូរស្មាច់ បានដើរយាមល្បាត និងបានប្រទះឃញ ពលករខ្មែរប្រុស ស្រី ១០នាក់ កំពុងលួចឆ្លងដែនតាមច្រករបៀង ចូលទៅក្នុងប្រទេសថៃ ប៉ុន្តែ ត្រីវបានកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ សហការណ៍ជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសំរោង ធ្វើការឃាត់ខ្លួន និងបានបញ្ជូនយកមកសាកសួរ នៅស្នងការរដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ។ ការឃាត់ខ្លួនពលករខ្មែរទាំង១០នាក់ ស្ថិតនៅចំណុចខាងកើតអូរទី២ ក្នុងភូមិសាស្រ្ត ប៉ុស្តិ៍អណ្ដែតមុត UA (៥៦៥០០-៩៤៨៣៦) ស្ថិតក្នុងភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ៕ដោយ ៖ ឡុង សំបូរ





