ឆក់ត្រី ភ្លាត់ស្នៀត ឆក់ស្លាប់ខ្លួនឯង
កណ្តាល ៖ គួរឱ្យអាណិត ដោយសារជីវភាព និងចិញ្ចឹមក្រពះ បុរសម្នាក់បានឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ខ្លួនឯង ខណៈកំពុងឆក់ត្រី តាមវាលស្រែ ។ ហេតុការណ៌នេះបានកើតឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៧ និង៤០នាទី នៅចំណុចជាប់ភ្លឺ ស្ថិតនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ ឡេង លុច ភេទប្រុសអាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ មានទីលំនៅភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។
សាក្សីបានឱ្យដឹងថា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ២២និង៣០នាទី ជនរងគ្រោះបានរៀបចំឧបករណ៍សំរាប់ឆក់ត្រីដូចរាល់ដង ។ លុះដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៧និង៤០នាទី មានប្រជាពលរដ្ឋបានប្រទះឃើញមនុស្សស្លាប់ដោយឆក់ត្រីក៏រាយការណ៍មកសមត្ថកិច្ចបន្ទាប់ពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចផ្នែកពិនិត្យកន្លែងកើតហេតុស្រុក សហការណ៍ជាមួយ កម្លាំងប៉ុស្តិ៍ គ្រូពេទ្យមណ្ឌលសុខភាពឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិ និងក្រុមគ្រួសារសពបានធ្វើការពិនិត្យសាកសពឃើញថា ជរងគ្រោះបានរអិលជើងដួលផ្កាប់មុខចូលទៅក្នុងទឹកដោយដៃស្ដាំច្របាច់ប្រដាប់ឆក់ត្រីជាប់ទើបបណ្ដាលឲ្យស្លាប់ ហើយពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ ។ សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ឆ ដា


